ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបក្នុងគ្រឿងញៀនផ្ទះសំណាក់ស្រែផលនៅខណ្ឌសែនសុខនិងពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យ០៤នាក់និងថ្នាំញៀន០៥កញ្ចប់ធំ

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននករបាលរាជធានីភ្នំពេញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់ស្រែផលនៅខណ្ឌសែនសុខនិងនៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់និងវត្ថុតាងគ្រឿងញៀន០៥កញ្ចប់តូច-ធំ។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបានធ្វើឡើងនៅសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ដោយបានការសម្របសម្រួលនីតិវិធីពីលោកប្លង់សុផលព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការបង្ក្រាបគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានធ្វើឡើងបន្ទាប់ពីអគ្គស្នងការរងនរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តមសេនីយ៍ឯកសថេតបានលើកឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងតំឡើងឋានន្តរសក្តិមន្ត្រីនគរបាលរាជធានីភ្នំពេញកាលពីកន្លងទៅនេះដោយបានដាក់បទបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤និងកម្លាំងការិយាល័យជំនាញត្រូវសហការគ្នាពង្រឹងការបង្ការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាពនៅតំបន់មិនរៀបរយស្មុគស្មាញដោយបញ្ហាគ្រឿងញៀននិងដាក់បទបញ្ជាទៅមន្ត្រីនគរបាលក្រោមឱវាទមិនត្រូវអន្តរាគមន៍មិនត្រូវជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀននិងត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែងនោះឡើយចំពោះអ្នកប្រព្រឹត្តបទល្មើស។
ជុំវិញការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនខាងលើលោកវរសេនីយ៍ទោរ៉ឹមម៉ិចនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថាប្រតិបត្តិការបង្ក្រាបគ្រឿងញៀនធ្វើឡើងខណ:ជនសង្ស័យទាំងនេះកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែងហើយជនសង្ស័យនៅពេលឃើញសមត្ថកិច្ចចូលទៅបង្ក្រាបក៏បានក្រវាត់គ្រឿងញៀនចេញពីបន្ទប់ផ្ទះសំណាក់ដើម្បីបំផ្លាញភស្តុតាងក្រោយពេលដែលកម្លាំងនគរបាលការិយាល័យជំនាញបានស្រាវជ្រាវស៊ើបអង្កេតលើមុខសញ្ញាជនសង្ស័យគ្រឿងញៀនទាំងនោះជាយូរមកហើយ។
លោកវរសេនីយ៍ទោរ៉ឹមម៉ិចប្រាប់ឱ្យដឹងថាការបង្ក្រាបជនសង្ស័យគ្រឿងញៀនទាំងនេះផងដែរមុនដំបូងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅចំណុចផ្លូវបេតុងភូមិថ្មគោលសង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទេពដារាស័ក្តភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរដឹកឥវ៉ាន់អនឡាញដកហូតវត្ថុតាងគ្រឿងញៀនក្រាមពណ៌សចំនួន០២កញ្ចបតូចនិងធំ,និងម៉ូតូចំនួន០១គ្រឿងរួមនឹងទូរស័ព្ទ០៣គ្រឿង។
ជាបន្តមកទៀតបន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យឈ្មោះទេពដារាស័ក្តនិងមានការសហការពីនគរបាលខណ្ឌសែនសុខសមត្ថកិច្ចបន្តធ្វើការឆែកឆេរបន្ទប់លេខ១៣ផ្ទះសំណាក់យីហោស្រែផលភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះតាន់ហុកសេងភេទប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលដកហូតវត្ថុតាងថ្នាំញៀនក្រាមពណ៌សចំនួន០៣កញ្ចប់ធំដែលជនសង្ស័យឈ្មោះតាន់ហុកសេងបានទម្លាក់គ្រឿងញៀនចេញមកក្រៅតាមបង្អួចដើម្បីបំផ្លាញវត្ថុតាងនិងក៏បានរកឃើញវត្ថុតាងជញ្ជីងថ្លឹងគ្រឿងញៀនអេឡិចត្រូនិចចំនួន០១គ្រឿង,ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ទូរស័ព្ទចំនួន០២គ្រឿងនិងបន្តធ្វើការឆែកឆេរបន្ទប់លេខ១៤សមត្ថកិច្ចក៏បានរកឃើញឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
បន្ទាប់មកទៀតកម្លាំងការិយាល័យជំនាញមានការសហការពីនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើការឆែកឆេរផ្ទះលេខ៩០ផ្លូវលេខ២៤បូរីពិភពថ្មីភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន០២នាក់៖១-ឈ្មោះទេពផលរាជនីភេទស្រីអាយុ២៨ឆ្នាំជនជាតិខ្មែរ,២-ឈ្មោះឡូញពិសីភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរនិងដកហូតវត្ថុតាងជាឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់