ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានសេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជននៅខណ្ឌជ្រោយចង្វា ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ។
មានមនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបើករថយន្តផ្លាកលេខនបទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវ័ន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុកភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីធ្វើការស្រាវជ្រាវ ឲ្យបានដឹងច្បាស់អំពីព័ត៌មាន ដែលបានចុះផ្សាយនេះ ក្រោយពីធ្វើការចុះស្រាវជ្រាវ ដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថាពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លាកលេខនប បំពាក់ស៊ីរ៉ែន មកសាលារៀនពិតប្រាកដមែន ។ រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក បានរកឃើញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបើកបរដើម្បីធ្វើការសួរនាំ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង៣រូបខាងលើ ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោក ធ្វើការកោះហៅឲ្យចូលខ្លួនមកបំភ្លឺលើករណីប្រើប្រាស់រថយន្តផ្លាកលេខនប បំពាក់ស៊ីរ៉ែនជិះទៅសាលារៀន ។ តាមចម្លើយរបស់ក្មេងប្រុស តាន់ សម្បត្តិឧត្តម បានទទួលស្គាល់កំហុស និងបានសារភាពថា រូបគាត់ពិតជាបានយក រថយន្តបងប្រុសរបស់គាត់ ដែលពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនពិតប្រាកដមែន ។ តាមការស្រាវជ្រាវ និងបញ្ជាក់យ៉ាងច្បាស់ពីការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តដែលពាក់ផ្លាកលេខ នប 2. 8763 មិនមាននៅក្នុងបញ្ជីសារពើភណ្ឌ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡើយ ជាក់ស្តែងរថយន្តនេះ ត្រូវបានម្ចាស់ដើមឈ្មោះ ភ័ណ្ឌ ជីវ័ន ដែលជាអតីតមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ( បច្ចុប្បន្នជាមន្ត្រីនគរបាល នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ) បានស្នើសុំធ្វើផ្លាកលេខនបយកមកបំពាក់លើរថយន្តឯកជនរបស់ខ្លួន តាំងពីឆ្នាំ២០១៦មកម្ល៉េះ លុះមកខែតុលា ឆ្នាំ២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បានលក់រថយន្តនេះទៅឲ្យមិត្តភក្តិរបស់ខ្លួនឈ្មោះ តាន់ វិទ្យាបុត្រ ដែលជាមន្ត្រីនគរបាលនៅរាជបណ្ឌិតសភានគរបាលជាតិ ។ អ្នកពាក់ព័ន្ធទាំង៣រូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ជាពិសេសបានធ្វើការសុំទោសជាសាធារណ: ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសសមត្ថកិច្ចនគរបាលជាតិ នូវកំហុសរបស់ខ្លួន ដែលបានអនុញ្ញាតឲ្យប្អូនប្រុសរបស់ខ្លួនប្រើប្រាស់រថយន្តពាក់ផ្លាកលខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ដែលខុសពីច្បាប់បានកំណត់ ។
ក្រោយពីទទួលស្គាល់កំហុស ធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:រួច សមត្ថកិច្ចការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប្រគល់រថយន្ត និងមនុស្សទាំង៣នាក់នេះ ទៅនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ ជាពិសេសនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការលក់ដូររថយន្តផ្លាកលេខនប និងការប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀនដោយជនស៊ីវិល ដែលមិនមែនជាសមត្ថកិច្ច ។
ម្យ៉ាងវិញទៀតដោយរថយន្តនេះ មិនមែនជារថយន្តរបស់អង្គភាព នាយកដ្ឋានចរាចរណ៍នឹងធ្វើការដោះស៊ីរ៉ែនចេញ ហើយដោយការយករថយន្តនេះ ទៅប្រើប្រាស់ខុសគោលការណ៍ សមត្ថកិច្ចនឹងធ្វើការដកហូតផ្លាកលេខនបមករក្សាទុក មិនអនុញ្ញាតឲ្យប្រើប្រាស់បន្តទៀតឡើយ ។ ចំណែកម្ចាស់ដើមរថយន្ត និងម្ចាស់បច្ចុប្បន្ន ដែលជាមន្ត្រីប៉ូលិស នាយកដ្ឋានចរាចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវគោក នឹងធ្វើរបាយការណ៍គោរពជូន ទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ ដើម្បីអនុវត្តបន្ត និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ ៕
មតិយោបល់