ព័ត៌មានជាតិ

រថយន្ត១គ្រឿង ផ្លាកលេខភ្នំពេញ 2AY 54 69 បើកយ៉ាងលឿនជ្រុលបុកម៉ូតូអូសជាង៥០ម៉ែត្រ បណ្តាលឲ្យម្តាយនិងកូន២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: រថយន្តតាកូម៉ាបើកបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូពីក្រោយ អូសជាង៥០ម៉ែត្រ បណ្តាលឲ្យម្តាយកូនពីរនាក់ រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តបង្ក១គ្រឿងម៉ាកតាកូម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY 54 69 ដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកម៉ូតូរងគ្រោះម៉ាកគប់ ពាក់ផ្លាកលេខកំពង់ស្ពឺ 1B 33 79 ជិះពីរនាក់អ្នកម្ដាយនិងកូន ដែលម្ដាយនិងកូននោះ មិនត្រូវបានប្រាប់ឈ្មោះទេ ហើយក៏មិនប្រាប់ពីទីលំនៅនោះដែរ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូ ម៉ាក់គប់ខាងលើ ជិះពីរនាក់ម្តាយនិងកូនប្រុស អាយុជាង២០ឆ្នាំ ដោយកូនជាអ្នកឌុប តាមបណ្តោយផ្លូវបេតុងទៅធ្វើការរោងចក្រ ក្នុងទិសដៅជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ មិនទាន់ដល់រោងចក្រផង ស្រាប់តែមានរថយន្តតាកូម៉ាខាងលើ បើកក្នុងល្បឿនយ៉ាងលឿនស្របទិសគ្នា ហើយក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងអូសម៉ូតូប្រមាណជាង៥០ម៉ែត្រ ទៅផ្ទប់និងស្លាកចរាចរណ៍រងការខូចខាត និងបណ្តាលឱ្យស្ត្រីជាម្តាយរងរបួសធ្ងន់ រីឯកូនប្រុសរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបង្កបានចាកចេញពីកន្លែងកើតហេតុ ។ រីឯជនរងគ្រោះជាស្ត្រីខាងលើ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ដើម្បីសង្គ្រោះ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ វាងវែងការពារវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

មតិយោបល់