កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ និង ៣០នាទី មានករណីហិង្សាដោយចេតនា នៅចំណុចភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឈុន ឡេង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ (រងរបួសត្រចៀកខាងស្ដាំ កែងដៃខាងឆ្វេង និងជង្គង់ទាំងសងខាង) ។ ចំណែកជនសង្ស័យ(ឃាត់ខ្លួន) ឈ្មោះ និច វណ្ណៈ ហៅ ឃ្លាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យក៖ ដាវកែច្នៃ០១ដើម ផ្លែដែក ដងជ័រ មានប្រវែង ៩៥ស.ម ។
កាលពីរសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ ជនសង្ស័យ និងជនរងគ្រោះ បានមានទំនាស់ពាក្យសម្ដីនឹងគ្នា ។ រហូតដល់ថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោងកើតហេតុ ជនសង្ស័យបានយកដាវកែច្នៃរបស់ខ្លួន លាក់ទុកនៅក្នុងអាវ រួចដើរសំដៅទៅរកជនរងគ្រោះ ។ ខណៈពេលជនសង្ស័យបានឃើញជនរងគ្រោះ ក៏បានយកដាវចេញ រួចកាប់ទៅលើជនរងគ្រោះ ចំត្រចៀក ភ្លាមនោះដែរជនរងគ្រោះបានស្ទុះទៅចាប់អោប និងប្រតាយប្រតប់ជាមួយជនសង្ស័យ បណ្ដាលអោយរបូតដាវកែច្នៃចេញពីដៃជនសង្ស័យ បន្ទាប់មកជនសង្ស័យបានរត់គេចពីកន្លែងកើតហេតុ ។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំង ប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការនាំខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងយកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តករណីខាងលើពិតប្រាកដមែន ។ កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ PJ រាជធានីភ្នំពេញ រយៈពេល៨ខែ ពីបទៈរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងជាមុខសញ្ញាលួចសកម្មផងដែរ ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់