ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សឿ សុធារ៉ា ស្នើបញ្ចប់ការរិះគន់ សំ ប៉ូលីដា

ភ្នំពេញៈ ខណៈដែលមនុស្សជាច្រើន បានរិះគន់ចំពោះអ្នកនាង សំ ប៉ូលីដា ដែលបានបន្តបិទបាំងការពិតពាក់ព័ន្ធនឹងរឿងប្ដីវាយ ប៉ុន្តែក្រោយបែកធ្លាយវិដេអូសារភាពដោយផ្ទាល់មាត់នោះ អ្នកនាង សឿ សុធារ៉ា បានអះអាងថា បើទោះជាតារាស្រីរូបនេះ បានកុហកពាក់ព័ន្ធនឹងរបួសយ៉ាងណាក៏ដោយ ក៏អ្នកនាងទទូចឲ្យឈប់រិះគន់ និងគួរតែផ្ដល់ក្ដីអាណិតចំពោះអ្នកនាង។ អ្នកនាងថា អ្នកនាង សំ ប៉ូលីដា ដល់ថ្នាក់បាក់ជើង ហើមមុខ និងត្អូញត្អែរលែងខ្មាសបែបនេះទៅហើយ តើគួរឬទេ ក្នុងការវិភាគថា មកពីអ្នកនាងមានបញ្ហាបែបនេះ ឬបែបនោះ ទើបបណ្ដាលឲ្យស្វាមីវាយ និងខ្លះនិយាយសមហើយដែលអ្នកនាងគួរនឹងត្រូវទទួលជីវិតបែបនេះ។

អ្នកនាង សឿ សុធារ៉ា និយាយថា សម្រាប់អ្នកនាង គឺសុំមិនធ្វើការវែកញ៉ែកទាំងស្រុង ថាតើអ្នកនាង សំ ប៉ូលីដា ត្រូវបានស្វាមីវាយដំព្រោះតែហេតុផលអ្វីនោះទេ បើទោះជាខ្លះថា បណ្ដាលមកពីអ្នកនាងមានស្វាមីច្រើន និងខ្លះថាបណ្ដាលមកពីអ្នកនាងបែបនេះបែបនោះ ទើបបណ្ដាលឲ្យស្វាមីទ្រាំមិនបាន។ អ្នកនាងនិយាយថា «គាត់ធ្លាក់ខ្លួនដល់ថ្នាក់នឹងហើយ បើអាចជួយគាត់បានជួយគាត់ទៅ ជីវិតគ្មានអ្នកណាចង់ចឹងទេ ចឹងខ្ញុំគិតគាត់មានរឿងទៅហើយ ទៅវិភាគធ្វើឲ្យបើគាត់ដល់ថ្នាក់នឹងហើយនឹង!»

តារាសម្ដែងស្រីស្រស់រូបនេះថា អ្នកនាង សំ ប៉ូលីដា គឺជាតារារៀមច្បងដែលគួរឲ្យគោរពមួយរូប បើទោះជាអ្នកនាងមានទម្លាប់ប្រើសម្ដីគំរោះគំរើយ ដែលអ្នកនាងយល់ថា នោះគ្រាន់តែជាទម្លាប់អ្នកនាង សំ ប៉ូលីដា។ អ្នកនាងបញ្ជាក់ថា សំ ប៉ូលីដា គឺជាតារាចិត្តល្អ ហើយបើនិយាយពីប្រវត្តិវិញ គឺតារាកំប្លែងរូបនេះ ធ្លាប់មានប្រវត្តិបរិច្ចាគសំលៀកបំពាក់ និងស្បែកជើងឲ្យអ្នកនាង ក៏ដូចជាតារាជំនាន់ក្រោយ ក្នុងពេលប្រឡូកការងាររួមគ្នា ដោយមិនប្រកាន់ខ្លួននោះឡើយ។ អ្នកនាង និយាយថា «ម៉ាចំណោមតារាដែលខ្ញុំស្គាល់ បងដា គាត់ចិត្តល្អជាងគេ គាត់ឃើញយើងអត់ខោអាវគាត់ឲ្យខោអាវ ហើយខ្ញុំកាលចូលសិល្បៈដំបូងៗ គឺបានខោអាវ និងស្បែកជើងគាត់នឹងហើយ យកច្នៃស្លៀកពាក់ឡើងឆាក ហើយអ្នកចម្រៀងអត់ៗផ្សេងទៀត ដែលគាត់ស្គាល់ គាត់សុទ្ធតែឲ្យចឹង ទោះជាថាគាត់ចូលចិត្តប្រើសម្ដីង៉ែងហង ដែលអ្នកខ្លះមិនចូលចិត្ត!»

ឆ្លើយតបនឹងការយល់ឃើញរបស់មនុស្សកាន់តែច្រើនដែលថា អ្នកនាង សំ ប៉ូលីដា ការពិតមិនមែនធ្លាក់ខ្លួនក្រទេ ប៉ុន្តែមកពី សំ ប៉ូលីដា ចង់ឲ្យមានការចាប់អារម្មណ៍ និងចង់បានជំនួយ ទើបបោកភ្នែកមហាជននោះ សម្រាប់អ្នកនាង សឿ សុធារ៉ា គឺយល់ខុសពីគេ។ អ្នកនាងនិយាយថា «ខ្ញុំឆ្ងល់ដល់ហើយ ម្នាក់ៗថា គាត់បោក ថាគាត់មានផ្ទះមានហាងតែកុហកមហាជន សម្រាប់ខ្ញុំអត់យល់ចឹងទេ មនុស្សយើងបើមិនដល់កម្រិតនឹងធ្វើចឹងអត់កើតទេ ព្រោះបងដាគាត់ល្បី បើគាត់មានគាត់ទៅនិយាយចឹង ថ្ងៃក្រោយគេដឹងអ្នកណាអាណិតគាត់ទៀត ចឹងខ្ញុំថាគួររួមគ្នាអាណិតគាត់វិញ ដូចរឿងគាត់ស្បថថា ប្ដីអត់បានវាយ តែចុងក្រោយបែរត្រូវដឹងនឹងចឹង ខ្ញុំគិតថា គាត់ក៏ពិបាកដែរ ដោយសារទីមួយអាណិតកូន ទី២ គាត់បារម្ភពីសុវត្ថិភាពរបស់គាត់ពេលក្រោយនោះដែរ ខ្ញុំគិតថា គាត់ពិបាករវាងឲ្យកូនអត់ឪ និងរឿងកិត្តិយស!»

ការលើកឡើងរបស់អ្នកនាង សឿ សុធារ៉ា ត្រូវគេមើលឃើញថា ស្របនឹងការយល់ឃើញរបស់មនុស្សមួយចំនួន ដែលមានការអាណិតអាសូរចំពោះអ្នកនាង សំ ប៉ូលីដា ប៉ុន្តែជាការផ្ទុយទាំងស្រុងនឹងផ្នត់គំនិតរបស់តារាសិល្បៈមួយចំនួន។ អ្នកដែលយល់ថា អ្នកនាងមិនគួរនឹងត្រូវបានការអាណិតនោះទេ ដោយសារតែ សំ ប៉ូលីដា ក៏មានចរិកកាចឆ្នាស់ និងមានទម្លាប់ជេរប្ដី ដែលធ្វើឲ្យបុរសភាគច្រើនពិបាកទ្រាំ។ ក្រុមដដែលក៏បានចំអកថា សំ ប៉ូលីដា ដោយសារតែខ្លាចប្ដីពេក ទើបស្បថទាំងបំពានឲ្យក្រមួយជីវិត ដែលគេបានហៅការបំពាននោះថា សភាពរងទុក្ខ គឺជាចំហាយនៃការស្បថមិនពិតរបស់ខ្លួន។

យ៉ាងណាក៏ដោយ អ្នកនាង សឿ សុធារ៉ា បញ្ជាក់ថា ទាំងអ្នកសិល្បៈ និងមហាជន គួរតែបញ្ចប់ការរិះគន់ចំពោះអ្នកនាង សំ ប៉ូលីដា ហើយងាកមកជួយអ្នកនាង ដែលរងអំពើហិង្សា និងកំពុងប្រឈមសភាពខ្វះលុយព្យាបាលខ្លួនបែបនេះជំនួសវិញ៕

suer_sotheara vs som polida_13-08-16photo_2016-08-13_07-16-47photo_2016-08-13_07-16-49photo_2016-08-13_07-16-51photo_2016-08-13_07-16-53photo_2016-08-13_07-17-01photo_2016-08-13_07-17-04photo_2016-08-13_07-17-07photo_2016-08-13_06-57-33Sompo lida (5)Sompo lida (4)Sompo lida (3)Sompo lida (2)Sompo lida (1)

មតិយោបល់