ព័ត៌មានជាតិ

ជនសង្ស័យ​៣នាក់​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្តអំពើចោរកម្ម

ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង៨និង៥០នាទី កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់៤ បានទទួលពាក្យបណ្ដឹងរាយការណ៍ពីជនរងគ្រោះឈ្មោះ វន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្តីពីករណីបាត់ម៉ូតូ១គ្រឿងម៉ាក Honda Click ពណ៌ក្រហម ផលិតឆ្នាំ២០១៧ លេខតួ ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥ (គ្មានស្លាកលេខ) ដែលចតទុកក្នុងការដ្ឋានសំណង់ ស្ថិតក្នុងក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គាត់ក៏ចូលដេកលង់លក់ក្នុងការដ្ឋាននោះ ។

លុះភ្ញាក់ដឹងខ្លួនឡើងវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ស្រាប់តែបាត់ម៉ូតូនោះមិនដឹងមូលហេតុ ។

ក្រោយពីធ្វើការស្រាវជ្រាវជុំវិញករណីខាងលើ កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ បានកំណត់មុខសញ្ញាជនបង្ក និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅវេលាម៉ោង១៤និង២០នាទី នាថ្ងៃដដែល នៅចំណុចការដ្ឋានសំណង់ ដែលទុកចោលក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ និងដកហូតម៉ូតូចំនួន ៣គ្រឿង រួមនឹងឧបករណ៍គ្រឿងបន្លាស់មួយចំនួនផ្សេងទៀត ។

ជនសង្ស័យទាំង៣នាក់៖ ១-ឈ្មោះ មាន សុភ័ណ្ឌ ហៅអាភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្ដុំសាលាឡាយ៍ ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ។ ២-ឈ្មោះ គឿន សំរុង ហៅសំរុង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នការដ្ឋានសំណង់ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ៣-ឈ្មោះ សុខ ជាតិ ហៅ ជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំដីឲ្យគេ មានស្រុកកំណើតភូមិរបោះខ្ទុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងក្រុម១៩ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ។

សម្ភារៈវត្ថុតាងដកហូតបាន៖ -ម៉ូតូ៣គ្រឿង ជាផលនៃអំពើលួច (១-ម៉ាកHonda Clik ពណ៌ ក្រហម ស៊េរីឆ្នាំ២០១៧ លេខតួ ០១០៦១៥៥ លេខម៉ាស៊ីន ៥៥០៦១៥៥, ២-ម៉ាកC-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ លេខតួ៩៦៥៥៦៣៨ លេខម៉ាស៊ីន៩៦៥៥៦៣៨, ៣-ម៉ាក Exciter ពណ៌ខៀវ លេខតួ RLHIFG302 FZ066066 លេខម៉ាស៊ីន RLHIFG302 FZ066 066 )​ រួមនឹងគ្រឿងបន្លាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមទាំងសម្ភារៈវត្ថុតាង បាននាំមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីធ្វើការសាកសួរ បន្តតាមនីតិវិធី ៕

មតិយោបល់