ព័ត៌មានជាតិ

ស៊ីដាច់ម៉ូតូមិត្តភក្តិជាង២ខែ ក៏ត្រូវអស់លក្ខណ៍ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាន់ពីធ្វើសកម្មភាពលួចយកម៉ូតូមួយរបស់មិត្តភក្តិ ទៅបញ្ចាំអស់រយៈពេលជាងខែ២។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១និង៣៥នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចក្បែររោងចក្រទឹកកក ស្ថិតតាមបណ្ដោយផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ អ៊ុ វុធ្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និងកន្លែងស្នាក់នៅ មិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ សុខ នវីថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន។

ដំណើររឿង៖​ជនរងគ្រោះ និងជនសង្ស័យ គឺជាមិត្តភក្តិនិងគ្នា តាំងតែពីពួកគេនៅតូចមកម៉្លេះ។ កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅ ជនរងគ្រោះ និងជនសង្ស័យ រួមជាមួយមនុស្សស្រីម្នាក់ទៀត បានទៅដើរលេងជាមួយគ្នា រហូតដល់យប់ជ្រៅ។ បន្ទាប់មកពួកគេទាំងបីនាក់ ក៏បានទៅជួលបន្ទប់ដេកនៅផ្ទះសំណាក់យីហោ «ដារីយ៉ា» ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ លុះពេលជនរងគ្រោះ ដេកលក់ជនសង្ស័យក៏បានឆ្លៀតឱកាស លួចយកសោម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០២០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IB-9414 ជិះយកទៅបាត់ស្រមោល។ ពេលព្រឹកឡើងជនរងគ្រោះ ងើបពីដេក ទើបដឹងថា ជនសង្ស័យ បានលួចយកម៉ូតូរបស់ខ្លួន ជិះចេញទៅបាត់។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បីឲ្យសមត្ថកិច្ច ជួយធ្វើការអន្តរាគមន៍តែម្តង។

លុះដល់វេលាកើតហេតុ ខណៈដែលជនរងគ្រោះ និងប្អូនប្រុសម្នាក់ទៀត បានជិះម៉ូតូមកពីដើរលេង ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងដើរតែម្នាក់ឯង នៅត្រង់ចំណុចកើតហេតុ ទើបធ្វើការឃាត់ខ្លួន និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភា្លមៗ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូ របស់ជនរងគ្រោះប្រាកដមែន ហើយម៉ូតូនោះ គឺគេបានយកទៅដាក់បញ្ចាំនៅម្តុំឃ្លាំងរំសេវ ក្នុងតម្លៃ៥០០ដុល្លារ។ ចំណែកឯលុយនោះ គេបានយកទៅចាយវាយនិងលេងល្បែងអស់បាត់ទៅហើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់