ព័ត៌មានជាតិ

Update៖ ផ្ទះពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យខូចខាតទាំងស្រុង និងរងរបួសស្រ្តីម្នាក់

ភ្នំពេញ: ផ្ទះឈើលើថ្មក្រោមមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បង្កមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ មិនឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង។

អគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ផ្ទះខាងលើជាប្រភេទឈើលើថ្មក្រោម ប្រក់ក្បឿង តយ៉ាកស័ង្កសី ទំហំ៦គុណ៨ ដោយមានម្ចាស់ឈ្មោះ អ៊ុង ជួន ភេទស្រីអាយុ ៥៧ឆ្នាំ ។ ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យមានរងរបួសជើង (រលាក) នារីម្នាក់ឈ្មោះ អ៊ុង ចន្ធូ អាយុ៣១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។

ប្រតិបត្តិការខាងលើ សមត្ថកិច្ចប្រើប្រាស់រថយន្តទឹកចំនួន៤គ្រឿង រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ៣គ្រឿង និងរថយន្តរបស់បុរីប៉េង ហ៊ួត១គ្រឿង ។ រលត់ទាំងស្រុងនៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃដដែល៕

មតិយោបល់