ព័ត៌មានជាតិ

សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ចាម បាន​ផ្សព្វផ្សាយ ពី​ប្រាក់​ពន្ធ អាករ និង​ពិន័យ​ដែល​ត្រូវ​បង់ ក្នុង​ទីផ្សារ​ខេត្ត​កំពង់ចាម​

កំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤​នេះ មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​កំពង់ចាម​បាន​ចុះ​ផ្សព្វផ្សាយ​ពន្យល់​ដល់​អាជីវ​កម្មដ្ឋាន​លក់​ម៉ូតូ ក្នុង​ទីផ្សារ​ទី​រួម​ខេត្ត​កំពង់ចាម​ទាំង​អស់ ដើម្បី​ឲ្យ​ក្រុមអាជីវករ យល់​ពី​ការបង់ប្រាក់​ពន្ធ អាករ និង​ពិន័យ​ដែល​ត្រូវ​បង់ លើ​ទោចក្រយានយន្ត​ប្រភេទ​ប្រើ​រួច​មាន​ស្រាប់​នៅក្នុង​ប្រទេស ។​

​ ​លោក លឹម វណ្ណ​នី អនុប្រធាន​ការិយាល័យ​សាខាគយ និង​រដ្ឋាករ ខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា ចំពោះ​យុទ្ធនាការ​ផ្សព្វផ្សាយ គឺ​បាន​ធ្វើ​រយៈពេល​៣​ថ្ងៃ​គិត​ទាំង​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៤​នេះ គឺ​យើង​បាន​ផ្សព្វផ្សាយ តាម​វិទ្យុ និង​ទូរទស្សន៍ ក្នុង​ខេត្ត​កំពង់ចាម ហើយ​ថ្ងៃនេះ​កម្លាំង​យើង​បាន​ចុះ​ដល់​អាជីវ​កម្មដ្ឋាន ក្នុង​ទីផ្សារ​ទី​រួម​ខេត្ត​កំពង់ចាម ដើម្បី​ពន្យល់ និង​ចែក ឯកសារ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​១​ច្បាប់ ភ្ជាប់​ដោយ​គំរូ​ពាក្យ​សុំ​បង់​ទោចក្រយានយន្ត​ចំនួន​២ តារាង​ប្រាក់​ពន្ធ និង​ពិន័យ​ដែល​ត្រូវ​បង់ មាន​ឆ្នាំ​ម៉ូតូ​ដែល​ផលិត​មុន​ឆ្នាំ​២០១៥ ។​

​ ​លោក អនុប្រធាន​ការិយាល័យ​បាន​បញ្ជាក់ទៀតថា ថ្ងៃ​នេះ​កម្លាំង​គយ មិនមែន​ចុះ​មក​ចាប់​ម៉ូតូ​គេច​ពន្ធ​ទេ គឺ​ចុះ​មក​ផ្សព្វផ្សាយ​ពី​ច្បាប់​បង់ពន្ធ​លើ​ទោចក្រយានយន្ត​សិន និង​មាន​ការបិទ​ផ្សាយ​ទូលាយ​នៅមុខ​សាខាគយ និង​រដ្ឋាករ​ខេត្ត ។ ហើយ​បើ​ម្ចាស់​អាជីវ​កម្មដ្ឋាន លក់​ដុំ និង​រាយ និង​អ្នកប្រើប្រាស់​ផ្ទាល់ខ្លួន មិន​ព្រម​បង់ពន្ធ​ទេនោះ យើង​មាន​វិធានការ​អនុវត្តន៍​តាម​បទ​ប​ញ្ញតិ ដែល​បាន​ផ្សព្វផ្សាយ យើង​បង្ក្រាប ចាប់​រឹបអូស​យក​មក​បង់ពន្ធ​ចូល​រដ្ឋ​តែ​ម្តង ។ យើង​បាន​បញ្ជៀ​ត បង្កប់​កម្លាំង សម្ងាត់​រួចហើយ តែ​មុននឹង​យើង​ធ្វើ​អី យើង​ត្រូវ​ផ្សព្វផ្សាយ ឲ្យមាន​ការចូលរួម​ពី​ប្រជាព​ល​រដ្ឋ បានដឹង​ពី​គោលបំណង​ដែល​យើង​ត្រូវធ្វើ ។​

​ ​សូមបញ្ជាក់​ថា ចំពោះ​ម្ចាស់​ទោចក្រយានយន្ត ដែល​ចូលខ្លួន​ដោយ​ស្ម័គ្រចិត្ត​មក​បំពេញ​កាតព្វកិច្ច​ពន្ធអាករ នឹង​ទទួលបាន​ការអនុគ្រោះ​បន្ថយ​ប្រាក់​ពិន័យ ២០% នៃ​ប្រាក់​ពិន័យ​សរុប ។​
​ ​ចំពោះ​ទោចក្រយានយន្ត​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង សាខាគយ និង​រដ្ឋាករ​រាជធានី​-​ខេត្ត​ពាក់ព័ន្ធ អាច​សម្រេច​អនុគ្រោះ​នៅនឹងកន្លែង នូវ​កម្រិត​ពន្ធអាករ​និង​ប្រាក់​ពិន័យ​ដែល​ត្រូវ​បង់ ៕
2014-11-01_084131

មតិយោបល់