ភ្នំពេញៈ រថយន្តសង្គ្រោះបន្ទាន់របស់ស្ថានីយ៍វិទ្យុអេប៊ីស៊ី នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានការចាប់ឃុំទុកអស់រយៈពេលប៉ុន្មានថ្ងៃ នៅក្នុងបរិវេណមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងទឹកដីខណ្ឌសែនសុខ។
ក្រុមការងារវិទ្យុអេប៊ីស៊ី ប្រាប់ Post News ឲ្យដឹងមុននេះបន្តិចថា ពិតជាមានការដោះលែងរថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុអេប៊ីស៊ី ឲ្យមានសេរីភាពឡើងវិញ ប្រាកដមែន។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឲ្យ Post News ដឹងតាមទូរស័ព្ទផងដែរថា នៅថ្ងៃនេះ អភិបាលរងរាជធានីភ្នំពេញ បានមកធានាដោះលែងរថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុ អេប៊ីស៊ី ឲ្យត្រឡប់ទៅវិញ។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ក៏បានប្រាប់ដែរថា ពិតជាមានការសម្របសម្រួលដោះលែងឲ្យរថយន្តរបស់វិទ្យុអេប៊ីស៊ី ប្រាកដមែន តាមរយៈអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង។ ប៉ុន្តែទោះជាបែបនេះក្ដី លោកមិនបានបរិយាយឲ្យលម្អិតពីករណីសម្របសម្រួលដោះលែងរថយន្តរបស់វិទ្យុ អេប៊ីស៊ី នេះថា ពាក់ព័ន្ធ ឬមានអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីនោះទេ។ ប៉ុន្តែបើតាមប្រភពព័ត៌មានបានបញ្ជាក់ថា ការដោះលែងរថយន្តរបស់វិទ្យុអេប៊ីស៊ី គឺមានបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
គួរជម្រាបថា កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងរាជធានីភ្នំពេញ បានធ្វើការឃាត់រថយន្តគិលានសង្រ្គោះបន្ទាន់របស់វិទ្យុ ABC FM107.50 ដែលកំពុងតែចរាចរដឹកផលិតផលទឹកត្របែកទៅចែកចាយបន្តទៅអាជីវករលក់បន្តនៅចំណុចស្ពានអាកាស៥មករា (ស្តុបតិចណូ)។
ក្រោយពីឃាត់រថយន្តគិលានសង្រ្គោះបន្ទាន់នេះ ក្រុមការងារបានត្រួតពិនិត្យឃើញថា ទី១- រថយន្តរបស់វិទ្យុ អេប៊ីស៊ី មិនបានចុះបញ្ជីរថយន្តគិលានសង្រ្គោះ និងសុំការអនុញ្ញាតច្បាប់ពីក្រសួងសុខាភិបាល ផ្ទុយពីសារាចរណ៍ណែនាំ បទដ្ឋានច្បាប់សុខាភិបាល ទី២- រថយន្តពុំមានស្លាកលេខសម្គាល់ខុសពីច្បាប់ចរាចរណ៍ផ្លូវគោក ទី៣- ពុំមានក្រុមគ្រូពេទ្យជំនាញបច្ចេកទេសសុខាភិបាលសម្រាប់សង្រ្គោះបន្ទាន់ និងក្នុងរថយន្តពុំមានបំពាក់សម្ភារៈ ឧបករណ៍ បរិក្ខារពេទ្យ និងឱសថសម្រាប់ធ្វើអន្តរាគមន៍សង្រ្គោះបន្ទាន់ដល់អ្នកជំងឺ ទី៤- ប្រើប្រាស់រថយន្តគិលានសង្រ្គោះបន្ទាន់ ដោយមានបំពាក់ស៊ីរ៉ែនសម្រាប់ដឹកផលិតផលសុខភាព ដើម្បីលក់ចែកចាយបន្តដល់អតិថិជន និងទី៥- ផ្សព្វផ្សាយផលិតផលសុខភាព ដោយពុំបានចុះបញ្ជីការជាមួយក្រសួងសុខាភិបាល។
ក្រុមការងារបានយករថយន្តខាងលើមករក្សាទុកនៅទីចាត់ការមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើកំណត់ហេតុ និងរក្សាទុកជាវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់