បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសស្ត្រី២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីជួលរថយន្តធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ តែគ្មានប្រាក់ឲ្យថ្លៃឈ្នួល ត្រូវបានម្ចាស់រថយន្តប្តឹង ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៧និង៥៧នាទី នៅចំណុចក្រុមទី០៥ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ ស៊ុន ធារី ហៅ នី និងប្តីឈ្មោះ អៀង នីន ហៅ ភាព អាយុ៥២ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បាន ជួលរថយន្តរបស់ឈ្មោះ ទុយ វាស្នា ហៅ ស្នា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជិះទៅភ្នំពេញក្នុងតម្លៃ១លានរៀល(ទាំងទៅទាំងមក) ហើយបានខ្ចីប្រាក់ចាយវាយចំនួន៣៥ម៉ឺនរៀលទៀត ។ លុះត្រឡប់មកវិញ ជនសង្ស័យមិនបានឲ្យថ្លៃរថយន្តនិងប្រាក់ខ្ចីចាយវាយទៅម្ចាស់ឡានទេ ទើបម្ចាស់ឡានប្តឹងសមត្ថកិច្ចតែម្តង ។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៨និង២០នាទី កម្លាំងផ្នែកជំនាញបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើមកសាកសួរ ដោយបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួលរថយន្ត និងខ្ចីប្រាក់ពីជនរងគ្រោះដើម្បីចាយវាយពិតប្រាកដមែន។
ករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម គឺ ប៊ុណ្ណា រ៉ា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ទាំងពីរនាក់ខាងលើ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់