ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនម្នាក់ ដកហូតអាវុធខ្លី១ដើម នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានប្រជាពលរដ្ឋ រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចថា បានឃើញជនជាតិចិនម្នាក់ ភេទប្រុស ជិះរថយន្ត០១គ្រឿង ម៉ាក LEXUS RX300 ផ្លាកលេខភ្នំពេញ 2AZ-6349 ត្រង់ចំណុចអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយនៅក្នុងដៃជនជាតិចិននោះ មានកាន់អាវុធខ្លី០១ដើម បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ស្រាប់តែជនសង្ស័យ បានជិះរថយន្តគេចខ្លួន ទៅកន្លែងស្នាក់នៅរបស់ខ្លួនផ្ទះសំណាក់មួយកន្លែង ស្ថិតនៅអូរត្រេះ២ កម្លាំងជំនាញបានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១៣ និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ បន្ទាប់មកកម្លាំងជំនាញ បានបន្តការស្រាវជ្រាវរុករក រហូតដល់វេលាម៉ោង១៨ ទើបរកឃើញអាវុធខ្លី០១ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់: 180904053 និងគ្រាប់កាំភ្លើង០៤គ្រាប់ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងថូផ្កា ក្នុងបរិវេណផ្ទះសំណាក់ រីឯបង់កាំភ្លើង ជនសង្ស័យបានបោះចោលក្នុងទឹកព្រែក មុនពេលសមត្ថកិច្ចឃាត់ខ្លួន ។

ជនសង្ស័យឈ្មោះ XIAO DI KUN ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ទិញ-លក់អីវ៉ាន់មួយទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖ -អាវុធខ្លី០១ ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់: 180904053
-គ្រាប់កាំភ្លើង០៤គ្រាប់ ។

ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់