ព័ត៌មានជាតិ

រថយន្តដឹកសសរបុកគ្រឹះ បើកថយក្រោយចេញពីការដ្ឋាន ប៉ះម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់

កណ្តាល: នៅថ្ងៃសៅរ៍ ១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៥និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកសសរគ្រឹះ បើកថយក្រោយមិនប្រយ័ត្ន បុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ត្រង់ចំណុចខាងមុខបុរីសិរីមង្គល ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ មានរថយន្ត HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-3294 ដឹកសសរបុកគ្រឹះ បានថយចេញពីការដ្ឋាន ដោយគ្មានការប្រុងប្រយ័ត្ន មិនស្គាល់អត្តសញ្ញាណ (អ្នកបើករថយន្តគេចខ្លួន) បានប៉ះជាមួយអ្នកបើក ម៉ូតូ០១គ្រឿង ពាក់ផ្លាកលេខ កណ្តាល 1X-5728 បើកបរដោយឈ្មោះ ញៀម តាំងឃឹម ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិ ស្វាយជួរ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល បានបើកបរក្នុងទិសដៅពីជើងទៅត្បូង រួចក៏បុកចំចុងសសរថ្មគ្រឹះក្រោយរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកមធ្យោបាយដែលពាក់ព័ន្ធទៅរក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី ។ ករណីខាងលើនេះ បណ្តាលមកពីមូលហេតុ អ្នកបើករថយន្ត ថយគ្មានការប្រុងប្រយ័ត្ន ។ ចំពោះសាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់