បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយក្មេងស្រីចំនួន០៤នាក់ បានលង់ទឹកអូរ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ កុមារទាំង០៤នាក់ មាន ៖ ១,ឈ្មោះ អ៊ឹម ដាវ៉ាន ភេទស្រី អាយុ៥ឆ្នាំ ស្លាប់នៅពេលយកទៅសង្រ្គោះនៅមណ្ឌលសុខភាព – ២,ឈ្មោះ អ៉ឹម ដានវីន ភេទស្រី អាយុ៥ឆ្នាំ កំពុងយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃ- ៣,ឈ្មោះ ភឿន នីតា ភេទស្រី អាយុ៦ឆ្នាំ (រស់) ៤,ឈ្មោះ ឌី តាវ៉ាន ភេទស្រី អាយុ៤ឆ្នាំ(រស់) អ្នកទាំងបួនរស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា៖ តាមការបំភ្លឺពីឈ្មោះ ឃុត ហៀង ភេទស្រី អាយុ៦៦ឆ្នាំ ត្រូវជាយាយ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា មុនដំបូងក្មេងៗ ទាំងបួននាក់ខាងលើ កំពុងលេងនៅក្រោមដើមស្វាយចន្ទីនៅមុខផ្ទះរបស់់គាត់ ក្រោយមកគាត់បានទៅដាក់ចំណីអោយសត្វមាន់ ពេលនោះគាត់បានឃើញក្មេងៗនោះ ដើរទៅខាងក្រោយផ្ទះដោយមិនបានចាប់អារម្មណ៍ថាទៅលេងទឹកអូរទេ។ លុះបានមួយសន្ទុះក្រោយមក គាត់បានស្ដាប់ឮក្មេងទាំងនោះស្រែកថាលង់ទឹក គាត់បានរត់ទៅមើល ហើយក៏បានឃើញក្មេងទាំង៤នាក់នោះកំពុងលង់ទឹកប្រាកដមែន ហើយគាត់បានចុះស្រង់ក្មេងទាំងនោះចេញពីទឹកអូរក្រោយផ្ទះប្រវែងប្រហែល៣០ម៉ែត្រ
ដោយគាត់ស្រង់បណ្ដើរនិងស្រែកអោយអ្នកភូមិមកជួយបណ្ដើរ ពេលនោះស្រាប់តែឈ្មោះ ង៉ែត ហន ភេទប្រុស អាយុ ៤០ឆ្នាំ បានឮក៏មកជួយស្រង់ក្មេងចេញពីទឹកអូរនោះ រួចយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំទួលពង្រតែម្ដង។
លោកវរសេនីយ៍ឯក បេន សំអាត បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដែលទៅលេងទឹក ដូចជាករណីនេះជាដើម កុមារីម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតកំពុងសង្រ្គោះ និង០២នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ ដោយសារតែលេងទឹកអូរគ្មានមនុស្សចាស់នៅក្បែរ ៕
មតិយោបល់