ភ្នំពេញៈ រឿងរោងចក្រ ក្ស័យទុនតែងកើតមានជារឿយៗមកលើខ្សែជីវិតកម្មករខ្មែរដូចករណីរោងចក្រ យីហោហុងយូ ដែលមានថៅកែជាជនបរទេសចរិតថោក បានចាក់សោរទ្វារបិតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង រួចគេចខ្លួនបាត់ ដោយគ្មានមូលហេតុ ខណៈដែលកម្មករកំពុងតែធ្វើការងារសុខៗស្រាប់តែថៅកែចិត្តខ្មៅចាក់សោទ្វារ ហើយរត់គេចខ្លួនបាត់ពុំដឹងមូលហេតុ សង្ស័យតែក្ស័យទុន ឬចាញ់ល្បែង? ទុកឲ្យកម្មករនៅអង្គុយ ឈរប្រមូលផ្តុំគ្នាក្នុងបរិវេណរោងចក្រទាំងក្តីងឿងឆ្ងល់ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតនៅតាមផ្លូវលំភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសម្តីក្រុមកម្មករកម្មការិនីបានឲ្យដឹងថា រោងចក្រកាត់ដេរ សម្លៀកបំពាក់ យីហោហុងយូ មានថៅកែជាជនជាតិចិន មានកម្មករសរុបចំនួន១៦០នាក់កំពុងបម្រើការងាររាល់ថ្ងៃ និងមានសហព័ន្ធ សហជីពកម្មករ និយោជិក ជាតំណាងកម្មករផងដែរ បានចូលរួមប្រមូលផ្តុំរកដំណោះស្រាយ។
កម្មករបន្តទៀតថា កម្មករបំពេញការងាររាល់ថ្ងៃ ហើយក៏ពុំមានថៅកែ ឬ តំណាងរោងចក្រណាប្រាប់ផ្សព្វផ្សាយជុំវិញបញ្ហារោងចក្រក្ស័យទុន ឬ យ៉ាងណានោះដែរ គឺធ្វើការជាប្រចាំរាល់ថ្ងៃ លុះនៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ ខណៈកម្មករ មកធ្វើការងារ ដូចសព្វដងតែមិនឃើញថៅកែ ហើយទ្វារត្រូវបានចាក់សោរជាប់ ពុំដឹងមូលហេតុ ទើបបង្កការភ្ញាក់ផ្អើលរត់មកប្ដឹងអាជ្ញាធរសង្កាត់ចោមចៅឲ្យជួយអន្តរាគមន៍។
លុះរហូតដល់វេលាម៉ោង៨ព្រឹកទៅហើយ នៅតែមិនឃើញថៅកែទៀត ទើបកម្មករ នាំគ្នាប្ដឹងតវ៉ារកដំណោះស្រាយ ហើយដាក់ការសង្ស័យរោងចក្រក្ស័យធន់ហើយមើលទៅ ទើបថៅកែគេចខ្លួនបាត់បែបនេះ។ បើអញ្ចឹងមែន តើកម្មករមានប្រាក់ខែឯណាបើក និងនរណាទទួលខុសត្រូវទៅ? ថ្លៃឈ្នួលផ្ទះថ្លៃទឹកភ្លើងក៏ដល់ដែរ ទាំងថ្លៃអាហារហូបចុកក៏ពឹងផ្អែកលើប្រាក់ខែ តែពេលនេះនិយាយលែងចេញ៕
មតិយោបល់