ព័ត៌មានជាតិ

កុងតឺន័រ បុករថយន្តព្រូស បណ្តាលឲ្យធ្លាក់ចូលទឹកប្រឡាយ រងការខូចខាត

ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង ខណៈកំពុងបើកបរ តាមដងផ្លូវ ស្រាប់តែកាច់ចង្កូតលែងកើត បណ្តាលឲ្យជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យធ្លាក់ចូលប្រឡាយ រងការខូចខាត ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅផ្លូវបេតុងវត្តព្រៃស្ពឺ ក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ-6638 បើកតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌សឆ្នូតក្រហម ពាក់ផ្លាកលេខភ្នំពេញ 3C-4451 បើកបញ្ច្រាសទិសគ្នា ហើយបានដាច់រ៉ូទីលចង្កូត ក៏រេមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យធ្លាក់ចូលប្រឡាយ រងការខូចខាត តែសំណាងដែរ ដែលមិនមានមនុស្សរងរបួស ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការសម្របសម្រួល ដោយភាគីខាងរថយន្តកុងតឺន័រ ព្រមទទួលកំហុស ក៏ចេញថ្លៃជួសជុលទៅឱ្យភាគីរថយន្តព្រូស ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់