បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់កំពុងបើកម៉ូតូត្រូវរថយន្តធុនធំបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ២៦៨A ខាងត្បូងស្ពានគោករំចេក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ឈឿន ប្រុស ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅស៊េរី២០១១ ពាក់ស្លាកលេខ ប.មានជ័យ 1E.9205 ។
ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូមកពីបញ្ចូលទឹកស្រែប្រាំង ធ្វើដំណើរពីទិសខាងត្បូងទៅជើង ។ ពេលមកដល់ចំណុចកើតហេតុ ខាងត្បូងស្ពានគោករំចេក ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិគោករំចេក មានរថយន្តធុនធំ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ- 3C.4649 ដឹកដំឡូងមី ធ្វើដំណើរច្រាសទិសគ្នា(ពីជើងទៅត្បូង) បានបុកនិងកិនពីលើម៉ូតូនិងអ្នកបើកបរ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចក្នុងថ្លុកឈាម ។ ចំណែកអ្នកបើករថយន្តក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកភ្នំស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់