ព័ត៌មានជាតិ

ឪពុកបង្កើតម្នាក់ ចាប់រំលោភសេពសន្ថវៈលើកូនស្រីអាយុ១០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា រឿងអាស្រូវមួយត្រូវបានបែកធ្លាយកាលពីថ្ងៃទី០១​ ខែមីនា​ ឆ្នាំ២០២១ ដោយឪពុករំលោភសេពសន្ថវ: លើកូនស្រីបង្កើតអាយុ១០ឆ្នាំម្នាក់ រហូតដល់បានសម្រេចករណីនេះ កើតឡើងកាលពីវាលាម៉ោង១៣និង៤០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចវាលស្រែ ខាងជើងផ្ទះជនរងគ្រោះ ប្រមាណជា ២០០ម៉ែត្រ (ក្នុងគុម្ពោតព្រៃល្ពាក់) ស្ថិតនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ អច​ ​រ ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សស្នាក់ នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យឈ្មោះ ឡូត រដ្ឋា (ហៅសៅ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមការរៀបរាប់របស់ឈ្មោះរឿនអៀងសំអាត អាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រាប់សមត្ថកិច្ច ឲ្យដឹងថា គាត់បានមើលឃើញ ឈាមចេញតាមទ្វារមាស ប្រឡាក់សំពត់កូនស្រីខ្លួន គាត់ក៏សួរកូនស្រីរបស់គាត់ ឈ្មោះ អ​ សចរ មានរឿងអីកូន បានជាហូរឈាមតាមទ្វារមាសច្រើនម៉្លេះ នៅពេលនោះវាមិនព្រមឆ្លើយអ្វីទាំងអស់ ដោយសាខ្លាចឪពុកខ្លួនធ្វើបាប គាត់ក៏លែងសួរនាំទៅ ។

មួយសន្ទុះក្រោយមកខ្លួន គាត់បានលួងលោមកូនស្រីសួរទៀតថា អ្នកណាធ្វើបាបកូន ខណ:នោះវាឆ្លើយថាប៉ាវា បានចាប់រំលោភវានៅវាលស្រែ ក្រោយផ្ទះ (នៅគុម្ពោតព្រៃល្ពាក់) ឮកូនឆ្លើយប្រាប់បែបនេះ ខ្លួនគាត់ធ្លាក់ថ្លើមក្តុកនឹកស្មានមិនដល់ថា វាមានរឿងអាស្រូវនេះកើតឡើង រួចក៏ទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្នាអន្សាតែម្តងទៅ ។

គួររំលឹកផងដែរថា គាត់ជាម្តាយកុមាររងគ្រោះ សង្ស័យយូរហើយ ចាប់តាំងពីគាត់ឆ្លងទន្លេបានកូនតូច១ទៀត តាំងពីពេលនោះមកប្តីរបស់គាត់មានចរិតប្លែងៗ ខុសពីធម្មតារហូតមកដល់ថ្ងៃកើតហេតុ ទើបដឹងថារឿងអាស្រូវនេះ កើតឡើងនៅចំពោះខ្លួន ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឪពុក នៅអធិការដ្ឋាននគរបាលស្រុកក្រគរ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង១៨និង២៣នាទី ដើម្បីកសាងសំណុំរឿង បញ្ជូនមកកាន់ផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២ ដើម្បីចាត់ការបន្ត៕

មតិយោបល់