ព័ត៌មានជាតិ

សង្ស័យតៃកុងស្រវឹងស្រា បើករថយន្តរេចង្កូត ឡើងសួនច្បារបុកបង្គោលភ្លើងបាក់១ដើម បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១១និង៣៦នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង សង្ស័យតៃកុងស្រវឹងស្រា បើករថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ រេចង្កូតឡើងសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបុកបង្គោលភ្លើងបាក់ខ្ទាត១ដើម ស្ថិតតាមដងផ្លូវលេខ២១៧ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 1AX -2901 បើកបរតាមដងផ្លូវលេខ២១៧ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុ សង្ស័យតៃកុង ស្រវឹងស្រាជោកជាំ ស្រាប់តែរថយន្តរេចង្កូតឡើង សួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើង បាក់ខ្ទាតចេញ១ដើម ។ ចំណែករថយន្តបង្កផ្ទុះពោង និងបែកកង់ទៅមុខលែងរួច បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យធ្វើកំណត់ហេតុ និងវាស់វែងយកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្ន និងនាំម្ចាស់រថយន្តបង្កទៅកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីដោះស្រាយ ថ្លៃខូចខាតនូវទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ទៅតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ករណីនេះ មិនបណ្តាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ ៕

មតិយោបល់