ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ាស៊ីនអារឈើ និងដែកឡាបរថយន្ត

ភ្នំពេញ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចអធិការដ្ឋាននរគបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ាស៊ីនអាឈើ និងដែកឡាបរថយន្ត នៅចំណុចនៅផ្ទះ៩២ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះឈឹម រស់ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៊ីន ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឈ្មោះអ៊ុន ភិរម្យរិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះទុកម៉ាស៊ីនអាឈើ ០១គ្រឿង និងដែកឡាបរថយន្ត៣ដើម នៅក្រោមផ្ទះ រួចឡើងដេកលើផ្ទះ ស្រាប់តែជនសង្ស័យដើរមកលួចយកម៉ាស៊ីនអាឈើ និងដែកខាងលើគេចខ្លួនបាត់។ លុះដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ជនសង្ស័យយកដែក០៣ដើមខាងលើ ទៅរកលក់ឲ្យគេ ក៏ត្រូវបានជនរងគ្រោះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតម៉ាស៊ីនអាឈើ០១គ្រឿង របស់ជនរងគ្រោះ រួមនឹងកូនសោ, កន្រ្តៃ, ដង្កាប់, ទួណឺវ៉ីសមួយចំនួនទៀត នៅផ្ទះជួលជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់