កណ្តាលៈ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីសេពសន្ថវៈ ដោយមិនចាំថ្ងៃ ខែ កើតឡើងក្នុងឆ្នាំ២០២០ ត្រង់ចំណុចភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ជនរងគ្រោះ ឈ្មោះ ( រ រ ដ ហៅ ឃ ) ភេទស្រី ឆ្នាំកំណើត២០០៩ ជនជាតិខ្មែរមុខរបរ ក្នុងបន្ទុកគ្រួសារ ទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល (ជនរងគ្រោះមានសតិវបល្លស) ។ ចំណែកជនសង្ស័យឈ្មោះ ជួ វង្ស ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យ គ្មានសារធាតុញៀន ក្នុងទឹកនោមទេ ។
សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ ផាត សាវ៉ុន បានបំភ្លឺថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ ប្តីរបស់ខ្លួនឈ្មោះ រី រ៉ុន បានសួរទៅខ្លួនថា ឯងកូនស្រីយើងឈ្មោះ រ រ ដ. វាឈឺអីគេ បានជាពោះរបស់វាចេះតែធំអ៊ីចឹង? ពេលនោះខ្លួនបានឆ្លើយថា កាលពីមុនគ្រូពេទ្យបាននិយាយប្រាប់ថា កូនយើងខ្យល់ចូលពោះរបស់វា ព្រោះពោះវៀនកូនស្រីរបស់យើងមានតទុយោ ចាំពេលឯងបើកលុយចាំខ្ញុំយកវាទៅពិនិត្យ មន្ទីរពេទ្យ ។ លុះដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ រូបខ្លួនយកកូនស្រីឈ្មោះ រ រ ដ ទៅពិនិត្យ សុខភាពនៅ មន្ទីរសម្រាកព្យាបាល និងសម្ភពអរុណរះ ព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងពេលនោះលោកគ្រូបានមកប្រាប់ខ្លួនថា កូនស្រីឈ្មោះ រ រ ដ មានផ្ទៃពោះចំនួន ២៨សប្តាហ៍ និង០១ថ្ងៃ រួចខ្លួនក៏ត្រឡប់មកផ្ទះវិញ ។
រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ខ្លួនក៏បានប្រាប់ពីលទ្ធផល ដែលពិនិត្យនៅមន្ទីរពេទ្យប្រាប់ទៅប្តីរបស់ខ្លួនឈ្មោះ រី រ៉ុន ថា កូនយើងមានផ្ទៃពោះ បន្ទាប់មកពួកខ្លួនទាំង០២នាក់ ប្តីប្រពន្ធ បានលួងលោមសួរនាំកូនរបស់ខ្លួនថា តើអ្នកណាដែលអ្នកធ្វើឲ្យកូនឯងមានផ្ទៃពោះ? ក្នុងពេលនោះកូនស្រីរបស់ខ្លួនក៏ប្រាប់ថា ឈ្មោះ វង្ស បានធ្វើរូបខ្ញុំ (រួមភេទ) ចំនួនពីរលើក ។ លុះដល់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ខ្លួនបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុស ប្តឹងចោទប្រកាន់ទៅលើឈ្មោះ ជួ វង្ស ដែល បានចាប់រំលោភកូនស្រីរបស់ខ្លួន ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងផ្នែកជំនាញ ចុះស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ ជួ វង្ស មកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ មកសាកសួរ ។
តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ជួ វង្សបានសារភាពថា នៅថ្ងៃខែពុំចាំ ក្នុងឆ្នាំ២០២០ មុនបុណ្យភ្ជុំបិណ្ឌ រូបខ្លួនបានដើរត្រឡប់មកពីលេងបាល់ទះវិញ ក៏បានជួបជាមួយជនរងគ្រោះឈ្មោះ រ រ ដ ហៅ ឃ ភេទស្រីអាយុ១៤ឆ្នាំ កំពុងអង្គុយនោមនៅខាងក្រោយផ្ទះរបស់ឈ្មោះ វុន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ក្នុងឱកាស ពេលស្ងាត់នោះ ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះឈ្មោះ រ រ ដ ហៅ ឃ នៅក្បែរពាងទឹកខាងក្រោយផ្ទះឈ្មោះ វុន បានសម្រេចចំនួន០១លើក ។
បានការអនុញ្ញាត ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី នៅវេលាម៉ោង០៧និង៣៣នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់