ព័ត៌មានជាតិ

Update៖ ទិញអូរប័រថ្មី ដឹកយកទៅបញ្ឆេះជិះដើរលេង ស្រាប់តែផ្ទុះឆេះ បណ្តាលឲ្យប្តីប្រពន្ធ និងកូនចំនួន៣នាក់រងរបួសធ្ងន់

ភ្នំពេញៈ ទូកអូរប័រ មួយគ្រឿង បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅក្បែរច្រាំងទន្លេ បណ្តាលឱ្យរងរបួសប្តីប្រពន្ធ និងកូនប្រុសអាយុជាង១០ឆ្នាំ រីឯតៃកុងអូរប័រម្នាក់ មិនរងរបួសទេ ខណៈពេល ដែលទើបតែទិញថ្មី ៗ ហើយដឹកតាមរ៉ឺម៉កសណ្តោងតាមក្រោយរថយន្តមួយគ្រឿង យកទៅជិះ ដើរលេង ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុច ក្បាលជ្រោយចង្វា មុខព្រះបរមរាជវាំង ក្បែរសណ្ឋាគារសុខា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ភ្លាមៗ នោះជនរងគ្រោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ គឺប្តីប្រពន្ធ និងកូនប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។

តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ ប្តីប្រពន្ធនិងកូនប្រុស ម្នាក់ ព្រមទាំងរួមដំណើរដោយតៃកុងអូរប័រម្នាក់ បានជិះរថយន្តម៉ាកហ្វ័ត ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខរដ្ឋ ២. ៥២ ៩៨ មួយគ្រឿង សណ្តោងរ៉ឺម៉ក ដឹកអូរប័រមួយគ្រឿងធំយកទៅទំលាក់ចុះក្នុងទឹក ដើម្បីបើកសាកព្រោះទើបតែទិញ ។

តាមព័ត៌មានឱ្យដឹងទៀតថា ខណៈ ប្តីប្រពន្ធ និងកូនឡើងជិះរួចហើយ បានតៃកុងអូរប័របានចាក់សោកាច់កុងតាក់បញ្ឆេះ មិនបាន១០នាទីផង ក៏ស្រាប់តែផ្ទុះចេញពីម៉ាស៊ីនលាន់កក្រើកប៉ើងដំបូល ហើយឆេះយ៉ាងសន្ធោសន្ធៅតែម្តង បណ្តាលឲ្យប្តីប្រពន្ធនិងកូនរងរបួសធ្ងន់ ។

តាមព័ត៌មានឱ្យដឹងទៀតថា ភ្លាមៗនោះ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់រួមជាមួយខាងសាឡង់ កំពង់ចម្លងបានយកទុយោទឹកបាញ់ពន្លត់ ។ នៅក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ អស់ទឹក១គ្រឿង ។ ជនរងគ្រោះជាប្តី ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកស្រ្តីជាប្រពន្ធនិងកូន ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា ៕

មតិយោបល់