ព័ត៌មានជាតិ

​ជន​មិន​ស្គាល់​មុខ លួច​កាប់​ជន​រង​គ្រោះ​២​នាក់ នៅក្នុងខ្ទមចាំស្រែ បណ្តាល​ឲ្យ​រង​របួស​ជាទម្ងន់

​ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជន​រង​គ្រោះ​២​នាក់​ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ លួច​កាប់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ករណី​នេះ​កើតឡើង​នៅ​ចំណុច​ខ្ទម​ចាំ​ស្រែ​ នៅ​ចំណុច​បឹង​បត់​ប្ញ​ស្សី​ ស្ថិត​ក្នុងភូមិ​ផ្ទះ​កោះ​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​០២​និង​១៥​នាទី​រំ​លង​អ​ធ្រា​ត្រ​ ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២០​ ។​

​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ដេកចាំ​ស្រែ​ នៅ​ខ្ទម​ក្នុង​ចំណុច​ខាងលើ​ជា​ធម្មតា​ លុះដល់​ម៉ោង​០២​និង​១៥​នាទី​យប់​ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ ធ្វើ​សកម្មភាព​កាប់​មក​លើ​ពួក​គេ​ទាំង​ពីរ​នាក់​ បណ្តាល​ឲ្យ​រង​របួស​។​

​លោក​វរសេនីយ៍ឯក​ អ៊ុ​ន​ ស៊ី​ អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តៀង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ ទី​១​-ឈ្មោះ​ ម៉ី​ កុសល​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ ត្រាន់​ ចាន់​នី​ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​កំពង់​រកា​ ឃុំ​កណ្តៀង​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ ។

​​លោក​អធិការ​ បាន​បន្ត​ថា​ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​ បច្ចុប្បន្ន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ បាន​ពាក្យបណ្តឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ ដើម្បី​ជួយ​អន្តរាគមន៍​ ស្វែងរក​ជន​បង្ក​ យក​មក​ផ្តន្ទាទោសតាមផ្លូវច្បាប់​ ដើម្បីរក​យុត្តិធម៌​ជូន​រង​គ្រោះ​ ៕

មតិយោបល់