តាកែវៈ នៅថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៧និង២០នាទីយប់ ស្ថិតនៅលើផ្លូវខេត្តលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ក្នុងភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របទិសគ្នា។
រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-9742 (អ្នកបើកបរគេចខ្លួនបាត់) ដែលកំពុងឈប់នៅលើចិញ្ចើមផ្លូវពីខាងត្បូងដោយក្បាលមុខទៅកើត នៅពេលកំពុងឈប់ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង មកពីក្រោយបានមកបុករថយន្តខាងលើចំពីក្រោយពេញមួយទំហឹងតែម្តង ដែលម៉ូតូនោះម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1L-3559 បើកបរដោយឈ្មោះ ហ៊ិន រឹម ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មិនមានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមកពីទិសខាងលិច ក្រោយបុករួចភ្លាមរថយន្តខាងលើក៏បានបើកគេចចេញពីកន្លែងកើតហេតុ តែក្រោយមកសមត្ថកិច្ចក៏បានតាមឃាត់រថយន្តបានមកវិញ ប៉ុន្តែអ្នកបើកបរបានចុះចេញគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់រួចកសាងសំណុំរឿង ទៅតាមនីតិវិធីនិងបានប្រគល់សពជូនដល់សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។
ករណីខាងលើបណ្តាលមកពីការបើកបរមិនគោរពសិទ្ធិអាទិភាពគ្នា៕
មតិយោបល់