បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកគាស់ក្រឡ បានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ ញ៉ាញ់ ញ៉ាន ភេទប្រុស ឣាយុ៦៤ឆ្នាំ មានករណីលួចមានស្ថានទម្ងន់ទោស ក្នុងផ្ទះរបស់ខ្លួនទុកចោល (ចោរលួចគាស់សោផ្ទះយកទ្រព្យសម្បត្តិរបស់ខ្លួន) នៅចំណុចភូមិជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ រួចយកសម្ភារៈមួយចំនួន ។
ក្រោយទទួលបានបណ្តឹង កម្លាំងនគរបាលស្រុក បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខុម ខឿន ភេទប្រុស ឣាយុ២២ឆ្នាំ រស់នៅភូមិជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានគាស់សោផ្ទះរបស់ឈ្មោះ ញ៉ាញ់ ញ៉ាន នៅភូមិជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ ហើយបានយកសម្ភារៈនៅក្នុងផ្ទះនោះមួយចំនួនពិតប្រាកដមែន ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កង់រ៉ឺម៉កគោយន្ត១គ្រាប់ ដែក៤ដើម និងគ្រោងទ្វារ ១ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់