បាត់ដំបងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងស្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំរៀងស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីខ្ចីម៉ូតូអ្នកជិតខាងជិះបែរជាយកទៅលក់។
សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទី នៅក្រុមទី១៩ស្ថិតក្នុងភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីរំលោភលើទំនុកចិត្តមួយកើតឡើងប្រព្រឹត្តដោយសង្ស័យ១នាក់ឈ្មោះសារ៉ាយធិតាលីហៅល័ក្ខហៅភូអាយុ១៤ឆ្នាំរស់នៅភូមិល្វាទេឃុំត្រាងស្រុកកំរៀងខេត្តបាត់ដំបងមុខរបរជាសិស្សបានខ្ចីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខបាត់ដំបង១V-០៨២៣លេខម៉ាស៊ីន៩៤៣៤៣៦០របស់ឈ្មោះទូចចាន់ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិភ្នំចាំចាបឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងជិះគេចខ្លួនបាត់។
សមត្ថកិច្ចបន្តថាលុះដល់ថ្ងៃទី១២ខែមីនាឆ្នាំ២០២១វេលាម៉ោង០៨និង០០នាទីសមត្ថកិច្ចបានប្រទះឃើញជនសង្ស័យនៅចំណុចភូមិអូរក្រូចឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងកម្លាំងនគរបាលស្រុកបានឃាត់និងនាំខ្លួនជនសង្ស័យខាងលើមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកកំរៀង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានខ្ចីម៉ូតូដែលមានភិនភាគដូចខាងលើជិះយកលក់ទៅឯខេត្តបន្ទាយមានជ័យពិតប្រាកដមែន។
ករណីនេះកម្លាំងនគរបាលកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់