ព័ត៌មានជាតិ

ជនសង្ស័យ២ក្រុមចំនួន១៥នាក់ ត្រូវសមត្ថកិច្ចបង្រ្កាប ករណីប្រើពាក្យសម្តីឌឺដងដាក់គ្នា តាមបណ្តាញសង្គម Tik Tok មិនអស់ចិត្ត ក៏បើកការប្រយុទ្ធគ្នាលើដងផ្លូវ

បាត់ដំបងៈ អនុវត្តន៍ តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមបានការ សម្របសម្រួលលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០ ២១ វេលាម៉ោង១០និង៣០នាទី នៅមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបាន ដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈជាអធិការនគរបា លស្រុកបង្ក្រាបករណី ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស (កាប់និងគប់លើម៉ូតូ) ចំនួន០១ ករណី កើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៤និង២០នាទី នៅចំណុចមុខផ្ទះលក់ គ្រឿងសំណង់យីហោ រុន ម៉េង ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ ដល់មនុស្សឡើយ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចកម្លាំងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២ ក្រុមមានគ្នាចំនួន១៥នាក់ គឺក្រុម Boy Srerចំនួន ០៨នាក់ នឹងក្រុម Boy Loy ចំនួន០៧ នាក់ ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវស ពាក់ផ្លាកលេខ បាត់ដំបង 1AK 7980 ចំនួន ០១គ្រឿង -ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ បាត់ដំបង 1N 8871 ចំនួន០១គ្រឿង -កាំបិតខ្វែវដងឫស្សី ប្រវែង ០១ម៉ែត្រ ចំនួន០១ដើម, -ដុំឥដ្ឋចំនួន០២ដុំ ។

សូមជម្រាបជូនថា មូលហេតុដែលជនសង្ស័យចំនួនពីរក្រុមខាងលើនេះ មានទំនាស់ជាមួយគ្នា គឺមកពីការសរសេរខូមិន Comment ដៀមដាមឌឺដងដាក់គ្នា តាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក ហើយក៏ផ្តើមទៅជាសកម្មភាព ជាក់ស្តែងនៅលើសមរភូមិដងផ្លូវ ក្នុងមូលដ្ឋានខាងលើតែម្តង ។

បច្ចុប្បន្នការិយាល័យជំនាញកំពុង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់