ព័ត៌មានជាតិ

Johnson & Johnson គឺជាវ៉ាក់សាំងទី៤ ដែលត្រូវបានចុះបញ្ជីនៅអង្គការសុខភាពពិភពលោក

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អនុម័តចុះបញ្ជីវ៉ាក់សាំង​កូវីដ១៩ ដែលចាក់តែមួយដូសគឺ Johnson & Johnson នៅថ្ងៃទី១២មីនា ២០២១ សម្រាប់​ការប្រើប្រាស់​បន្ទាន់ ដែល​ជាការបើកផ្លូវ​សម្រាប់​ការបែងចែកវ៉ាក់សាំង​ទៅកាន់ប្រទេស​ក្រីក្រ តាមយន្តការ COVAX។

លោក Tedros Adhanom Ghebreyesus នាយកអង្គការ​សុខភាព​ពិភពលោក បាន​ថ្លែងថា វ៉ាក់សាំង​នេះ​គឺ​ជាឧបករណ៍ថ្មី សុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការទប់ស្កាត់​ជំងឺកូវីដ១៩ ពោលគឺ​វាគឺជាការបោះជំហាន​ទៅមុខទៀតចំពោះ​ការ​គ្រប់គ្រងជំងឺរាតត្បាត។

សូមជម្រាប​ថា វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងទី៤ ដែលត្រូវបានចុះបញ្ជីនៅអង្គការសុខភាពពិភពលោក បន្ទាប់ពីវ៉ាក់សាំង Pfizer, វ៉ាក់សាំង AstraZeneca ផលិតនៅ​ឥណ្ឌា ឈ្មោះថា Covishield និង វ៉ាក់សាំង​ AstraZeneca ផលិតនៅកូរ៉េខាងត្បូង។

គួរកតសម្គាល់ដែរថា សម្រាប់​កម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២១ សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ទិញ​វ៉ាក់សាំងអាមេរិក ជាពិសេស គឺវ៉ាក់សាំង Johnson & Johnson នេះតែម្តង ដែល​លក្ខណៈពិសេសរបស់វា គឺ​ចាក់តែមួយដូសតែប៉ុណ្ណោះ៕

 

មតិយោបល់