កណ្ដាលៈ នៅថ្ងៃព្រហស្បតិ៍ ០៥កើតខែ ចេត្រឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៧និង១០នាទី នៅចំណុចរណ្តៅបូមខ្សាច់ ស្ថិតភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហំ សេងលី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបូមខ្សាច់ មានស្រុកកំណើតនៅភូមិបឹង ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅទីលំនៅភូមិឃុំកើតហេតុ។
វត្ថុតាងចាប់យក៖ (គ្មាន)។
សភាពរឿងហេតុ៖ តាមការបំភ្លឺ របស់ឈ្មោះ ហំ រតនា ភេទប្រុស អាយុ ១៨ឆ្នាំ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុខពេលកើតហេតុ ជនរងគ្រោះ រួមជាមួយខ្លួន និងឈ្មោះ សុខគ្រី ភេទប្រុស អាយុ ២៥ឆ្នាំ ដែលជាកម្មករបូមខ្សាច់ជាមួយគ្នា នៅមុនពេលកើតហេតុ បាននាំគ្នាចុះទៅបញ្ឆេះម៉ាស៊ីនបូមខ្សាច់ដូចរាល់ថ្ងៃ ដោយឈ្មោះ សុខ គ្រី បានដើរទៅមុនដល់ម៉ាស៊ីនបូមខ្សាច់មុន រួចបញ្ឆេះម៉ាស៊ីនបានប្រហែល១០នាទី ហើយខ្លួននឹងជនរងគ្រោះ ចាំទម្លាក់ប្រេងម៉ាស៊ូតតាមខ្សែទៅតាមក្រោយ មួយសន្ទុះក្រោយមក ជនរងគ្រោះ បានដើរទៅរកកន្លែងម៉ាស៊ីនបូមខ្សាច់ដែរ ស្រាប់តែដើរដល់ពាក់កណ្តាល(ដើរតាមទុយោ)ក៏បានប៉ះជាមួយជាមួយខ្សែភ្លើង (ឆក់)ហើយស្រែកអោយគេជួយហើយក៏ធ្លាក់ចូលទឹកបាត់ ភ្លាមនោះឈ្មោះ ហំ រតនា ភេទប្រុស បានរត់ទៅបិទភ្លើង ហើយនាំគ្នា ចុះទឹករាវរក ជនរងគ្រោះដែលតែរកមិនឃើញ ដោយសារទឹកមានជម្រៅជ្រៅ។ លុះដល់ម៉ោង ៩និង១០ថ្ងៃខែឆ្នាំដដែល ទើបរកឃើញជនរងគ្រោះ។
ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការ ជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។
ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆក់ចន្តអគ្គិសនី រួចធ្លាក់ចូលទឹកបណ្តាលអោយស្លាប់ ពិតប្រាកដមែន មិនមានស្លាកស្នាម ពាក់ព័ន្ធជាមួយបទល្មើសផ្សេងឡើយ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់