ព័ត៌មានជាតិ

បុរសជាងពិដានម្នាក់ ត្រូវរថយន្តដឹកស្វាយ បើកគេចរោងបុណ្យ បុកអូសម៉ូតូជាង ៥០ម៉ែត្រ បណ្ដាលឲ្យស្លាប់មួយរំពេច

កណ្តាល: កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកស្វាយបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ យឿន រស្មី ភេទប្រុស អាយុ ២៥ឆ្នាំ (ស្លាប់) មុខរបរ ជាជាងធ្វើពិដាន មានទីលំនៅភូមិកោះរំដួល សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ម 2805 ភព1។
រថយន្តបង្កម៉ាក កូរ៉េ ពណ៌ស ដឹកផ្លែស្វាយ ពាក់ស្លាកលេខ កណ្តាល 3A.2157 បើកបរដោយឈ្មោះ សួរ បុរី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូធ្វើដំណើរពីត្បូងទៅជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកស្វាយបង្កម៉ាកខាងលើ ដែលកំពុងចរាចរណ៍បញ្ច្រាសទិសគ្នា មកបុក និងកិនអូសជាង ៥០ម៉ែត្រ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗតែម្ដង។

មូលហេតុ៖ រថយន្តគេចរោងបុណ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់