ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្តិការបានធ្វើឡើង កាលពីយប់ថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្រុម០៥ ភូមិ០៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ វេលាម៉ោង១៩និង២០នាទី ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ គួយ គ្រឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ហេង ស្រីណេង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរធ្វើការនៅក្លឹបកំសាន្ត និងទី៣-ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរនារីម៉ាស្សា ។
វត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖ ម្សៅក្រាមសរថ្លាសង្ស័យជាសារញៀនចំនួន១២កញ្ចប់, ទូរស័ព្ទដៃ ០១រឿង ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋានខេត្ត ដើម្បីសាកសួរយកចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕
មតិយោបល់