ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្តកន្ត្រៃ បណ្ដាលឲ្យមនុស្ស ២នាក់ ស្លាប់ និងរបួសធ្ងន់ នៅស្រុកវ៉ារិន

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៦៣ & ៦៤នៅចំណុចភូមិព្រៃខ្មុរ ឃុំស្រែណូយ ស្រុកវ៉ារិន រវាងម៉ូតូនឹងគោយន្តកន្ត្រៃបើកបញ្ចាស់ទិសគ្នាពីជើងទៅត្បូង ។

លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនៃអធិការដ្ឋានស្រុកវ៉ារិន បានឲ្យដឹងថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ម៉ាកឃ្លិច សេរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខឧត្តមានជ័យ 1E.6544 អ្នកបេីកបរឈ្មោះ ខេង វាសនា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប អ្នករួមដំណើរចំនួន ០១នាក់ ឈ្មោះ ខេង ផល្លី ត្រូវជាឪពុក បើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពផ្លូវងងឹតទិសដៅពីត្បូងទៅជើងបានបុកជាមួយគោយន្តកន្រ្តៃម៉ាក Kobota (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងទិសដៅផ្ទុយគ្នា ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ ខេង ផល្លី របួសម្នាកបាក់ផ្លូវខាងឆ្វេង ( ធ្ងន់ ) ខូចម៉ូតូចំនួន០១គ្រឿង (ធ្ងន់ ) និងគោយន្តកន្ត្រៃចំនួន ០១គ្រឿង(ធ្ងន់)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងធ្វើការប្រគល់សាកសពទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកវ៉ារិន ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

មតិយោបល់