ព័ត៌មានជាតិ

រឿងស្នេហាត្រីកោណ បណ្តាលឲ្យបុគ្គលិកហាងស៊ុបពពែចម្ការខ្នុរម្នាក់ កាប់ទៅលើជនរងគ្រោះចំនួន២នាក់ស្លាប់បន្តបន្ទាប់គ្នា

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលខេត្តបន្ទាយមានជ័យ បង្ហាញមុខជនសង្ស័យក្នុងករណីមនុស្សឃាត បណ្តាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យ នគរបាលកម្រិតធ្ងន់បានឲ្យដឹងថា នៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានករណីឃាតកម្ម កើតឡើងនៅចំណុចបន្ទប់ជួល ខាងលិចសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ (UME) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យជនរងគ្រោះម្នាក់ឈ្មោះ ឈី ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទួលតាម៉ៅ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក ត្រូវជនសង្ស័យកាប់ត្រូវកញ្ចឹងក ផ្នែកខាងក្រោយស្លាប់នៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះម្នាក់ទៀតឈ្មោះ រ៉ាត់ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវរបួសធ្ងន់ត្រង់ផ្នែកសៀតថ្កាខាងឆ្វេង មុតផុងលលាដ៍ក្បាល ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។ ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ។

លោកនាយការិយាល័យ នគរបាលកម្រិតធ្ងន់បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ កម្លាំងនគរបាលជំនាញការិយា​ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានប្រតិបតិ្តការស៊ើបអង្កេតស្រាវជ្រាវ តាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ សំណាង (ហៅវ៉ច) ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរជាបុគ្គលិកហាងស៊ុបពពែចម្ការខ្នុរ មកធ្វើការសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតកាប់ទៅលើជនរងគ្រោះទាំង០២នាក់នោះមែន ព្រោះតែគេខឹងនិងជនរងគ្រោះឈ្មោះ រ៉ាត់ ពេជ្រ បានវាយក្បាលគេចំនួន ០២ដៃពីថ្ងៃមុនដោយចោទថា ខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេ មានឈ្មោះ ឌុក ស៊ៀវម៉ី អាយុ១៤ឆ្នាំ នោះដែលជាប្រពន្ធរបស់ខ្លួន ។ នៅយប់ថ្ងៃកើតហេតុ ឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះជាមួយខ្លួនតាមទូរស័ព្ទ រួចឈ្មោះ​​​ រ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈីវ ហាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ 1T-4518 ឌុបមករកប្រពន្ធរបស់ខ្លួនដល់បន្ទប់ដែលពួកគេជួលនៅ ខ្លួនបានពួនសម្ងំនៅខាងក្រៅ ពេលនោះឈ្មោះ ពេជ្រ ជិះម៉ូតូមកដល់ បានដើរចូលទៅរកបន្ទប់របស់ខ្លួន ដែលប្រពន្ធខ្លួនកំពុងដេក ចំណែកឈ្មោះ ហាក់ អង្គុយនៅលើម៉ូតូ បន្ទាប់មកខ្លួនគេបានលោបទៅកាប់ឈ្មោះ ហាក់ ០១កាំបិតត្រូវខាងក្រោយក្បាលប្រកាច់ស្លាប់នៅកន្លែង រួចបន្តទៅកាប់ឈ្មោះ ពេជ្រ ដែលកំពុងដើរទៅបន្ទប់ប្រពន្ធខ្លួន បណ្តាលឲ្យរងរបូសធ្ងន់ ។ ក្រោយមកខ្លួនបានជិះម៉ូតូជាមួយមិត្តភក្តិគេដើម្បីគេចខ្លួន និងយកកាំបិតទៅចោលក្រោមស្ពានស្ទឹងទឹកថ្លា ។

លោកឧត្តមសេនីយ៍ ស្នងការរង​ ផែនការងារ បានបញ្ជាក់ថា ករណីនេះគឺជារឿងស្នេហាត្រីកោណ ទើបឈានដល់ករណីអំពើហិង្សា ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ សំណាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងសាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់