ព័ត៌មានជាតិ

ក្មេងស្ទាវមួយក្រុមជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដែកបំពង់ទីប ធ្វើសកម្មភាព វាយយុវជនប្រុស-ស្រី៤នាក់ ជិះម៉ូតូឌុបគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ដេរជាច្រើនថ្នេរ

ភ្នំពេញៈ នៅវេលាម៉ោង០១និង០០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានក្មេងស្ទាវមួយក្រុមជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដែកបំពង់ទីប បានធ្វើសកម្មភាព វាយទៅលើក្រុមយុវជនប្រុស-ស្រីចំនួន៤នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ដេរអស់ជាច្រើនថ្នេរ ករណីនេះកើតឡើង នៅមុខវត្តពោធិញាណ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីហិង្សាខាងលើនេះ តាមការឲ្យដឹងពីនារីរងគ្រោះម្នាក់ ដែលនៅក្នុងហេតុការណ៍នោះ បាននិយាយរៀបរាប់ប្រាប់ ភ្នាក់ងារសារព័ត៌មាន Post News យើងខ្ញុំឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿង មានគ្នាប្រុស-ស្រីចំនួន០៤នាក់ ។ មាននាងម្នាក់ជាសង្សារជនរងគ្រោះ ។ ពួកនាងបានធ្វើដំណើរចេញពីកន្លែងខួបកំណើត ក្មួយនៅខណ្ឌឫស្សីកែវ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ពេលនោះស្រាប់តែនាងឃើញ លេចមុខក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូ២គ្រឿងមានគ្នាចំនួន៤នាក់ ប្រដាប់ដោយកំណាត់ដែកបំពង់ទីប នៅជាប់ក្នុងដៃរបស់ពួកគេ បានជិះម៉ូតូចេញមកធ្វើសកម្មភាព វាយមកលើពួកនាងទាំងបួននាក់ ដោយមិនដឹងមូលហេតុ បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលទាំងអស់គ្នា។

ក្នុងហេតុការណ៍នេះ បណ្តាលឲ្យយុវជនម្នាក់ រងគ្រោះរបួសធ្ងន់បែកក្បាលហូរឈាម ត្រូវបានរថយន្តពេទ្យដឹកយកទៅព្យាបាល ដោយដេរអស់ជាច្រើនថ្នេរទៀតផង ។ ចំណែកពួកនាងក៏ត្រូវក្រុមក្មេងស្ទាវទាំងនោះ វាយនឹងដាល់បណ្តាលឲ្យរបួសបន្តិចបន្តួចផងដែរ រហូតធ្វើឲ្យនារីម្នាក់ភ័យយំសន្លប់បាត់ស្មារតីមួយសន្ទុះទើបនាងដឹងខ្លួនឡើងវិញ ហើយស្រែកយំម្តងទៀត ដោយការភ័យខ្លាចនូវទង្វើដ៏សាហាវរបស់ក្រុមក្មេងស្ទាវទាំងនោះ ។ ក្រោយពីធ្វើសកម្មភាពរួច ពួកគេបានជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ស្រមោលអស់ ដើម្បីគេចខ្លួន ៕

មតិយោបល់