ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើដាវ និងកាំបិតកែច្នៃ, ដំបងដែកទីបវ៉ៃប្លន់យកម៉ូតូ) ។ ក្រុមជនសង្ស័យបានប្រព្រឹត្តិបទល្មើសកាលពីកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣និង១០នាទី ត្រង់ចំណុចផ្លូវ៥០ម៉ែត្រ កែងផ្លូវចូលភូមិទួលពង្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ណារុំ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅផ្ទះលេខ៣២A ផ្លូវលេខ៤ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកអធិការបានបន្តថា ជនសង្ស័យទី១-ឈ្មោះ សួន សុភាព ហៅភាព ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ព្រំ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ថា ក្រុមជនសង្ស័យត្រូវបានកម្លាំងស្រាវជ្រាវឃាត់ខ្លួន កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។
វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿង, ដំបងដែកទីបប្រវែង៤០សង់ទីម៉ែត្រចំនួន០១ដើម ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២២និង៤០នាទី ជនរងគ្រោះឈ្មោះ រិន ណារុំ និងប្រពន្ធឈ្មោះ កង សុខណា បានជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ផ្លាកលេខ កណ្តាល 1K-5284 មានលេខតួ និងលេខម៉ាស៊ីន8410121 (ប្រពន្ធជាអ្នកបើកជនរងគ្រោះអង្គុយខាងក្រោយ) ចេញពីផ្ទះ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅផ្ទះមួយទៀត ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះ និងប្រពន្ធបើកម៉ូតូតាមផ្លូវបេតុង៥០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចផ្លូវកែងបត់ចូលភូមិទួលពង្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យ០១ក្រុមមានគ្នាប្រហែល០៨នាក់ ជិះម៉ូតូម៉ាកសេ១២៥ ចំនួន០៤គ្រឿង ប្រដាប់ដោយដំបងដែកទីប ដាវ និងកាំបិតកែច្នៃ ដេញតាមពីក្រោយជនរងគ្រោះ ហើយប្រើដាវកែច្នៃ កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យត្រូវចំដើមដៃខាងឆ្វេង រងរបួសស្រាល រួចជនរងគ្រោះក៏បានធាក់ម៉ូតូជនសង្ស័យដួលទៅលើផ្លូវបេតុង ចំនួន០១គ្រឿង ហើយប្រាប់ឱ្យប្រពន្ធបើកម៉ូតូទៅមុខឱ្យលឿន ហួសទៅផ្ទះ ស្ថិតនៅភូមិព្រៃព្រីងខាងជើងតែម្តង ។ ហើយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចតាមរយៈទូរស័ព្ទ អំពីហេតុការណ៍ខាងលើ តែមិនបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសភ្លាមទេ ដោយសារជនរងគ្រោះមានធុរៈផ្ទាល់ខ្លួន ។
លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតនៅលើផ្លូវ៥០ម៉ែត្រ ដល់ចំណុចផ្លូវបត់ចូលភូមិទួលពង្រខាងលើ ក៏បានជួបនឹងជនសង្ស័យចំនួន០៣នាក់ កំពុងជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GI-3457 មានលេខតួ និងលេខម៉ាស៊ីន 9755512 ចំនួន០១គ្រឿង ឌុបគ្នាបម្រុងធ្វើសកម្មភាពវ៉ៃប្លន់យកម៉ូតូ ហើយសមត្ថកិច្ចក៏បានហៅឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ រួចជនសង្ស័យម្នាក់ឈ្មោះ ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ក៏បានឈប់ម៉ូតូ ហើយរត់គេចខ្លួនបាត់ ។ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន០២នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាធ្វើសកម្មភាពប្រើដំបងដែកទីប, ដាវ និងកាំបិតកែច្នៃ កាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ តែមិនបានសម្រេច ហើយសមត្ថកិច្ចក៏បានជូនដំណឹងទៅជនរងគ្រោះឱ្យមកមើលមុខជនសង្ស័យ និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០២នាក់ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕
មតិយោបល់