ព័ត៌មានជាតិ

ហាយឡេនឌ័រ១គ្រឿង បើកវ៉ាស្តាំរថយន្តហ៊ីយ៉ាន់ដាយមិនផុត បណ្តាលឲ្យកៀររងការខូចខាត

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តហាយឡេនឌ័រមួយគ្រឿង បើកវ៉ាស្តាំរថយន្តហ៊ីយ៉ាន់ដាយ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកៀររងការខូចខាតខ្លួនឯងយ៉ាងធ្ងន់ធ្ងរ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត១គ្រឿងម៉ាក ហាយឡេនឌ័រ ពណ៌ស ពាក់ផ្លាកលេខតាកែវ 2A3382 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ។ ចំណែករថយន្ត១គ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-5399 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ស្របទិសដៅគ្នា ។

ហេតុការណ៍នេះ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានឃើញរថយន្តហ៊ីយ៉ាន់ដាយ ដឹកផ្លែស្វាយ ទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡេនឌ័រ ពណ៌ស បើកបរក្នុងទិសដៅស្របគ្នា ហើយបានបើកវ៉ាស្តាំមិនផុត ក៏បណ្តាលឲ្យកៀររថយន្តហ៊ីយ៉ាន់ដាយ រងការខូចខាតខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ។
ភ្លាមៗនោះ ម្ចាស់រថយន្តហាយឡេនឌ័រ បាននិយាយថារថយន្តហ៊ីយ៉ាន់ដាយ ជាអ្នកបើកកៀរររថយន្តរបស់គាត់ ។ ចំណែកឯរថយន្តហ៊ីយ៉ាន់ដាយវិញ បាននិយាយថា រថយន្តហាយឡេនឌ័រ ជាអ្នកបើកវ៉ាស្តាំ មកកៀររថយន្តរបស់គាត់ដែរ ។ ហើយភាគីទាំងសងខាង បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ។ បន្ទាប់ពីភាគីទាំងសងខាង និយាយយកត្រូវរៀងៗខ្លួន សមត្ថកិច្ចនគរបាលប៉ុស្តិ៍មិនហានអាកាត់ ក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ខណ្ឌពោធិ៍សែនជ័យភ្លាមៗផងដែរ ។

ក្រោយមកសមត្ថកិច្ចនគរបាល ផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់ ហើយបាននិយាយទៅកាន់ ភាគីទាំងសងខាងនៃម្ចាស់រថយ​ន្តទាំងពីរនាក់ អោយសម្របសម្រួលគ្នាទៅ កុំចង់ចាញ់ឈ្នះគ្នាអី បន្ទាប់មកភាគីខាងលើ បានដោះស្រាយគ្នានៅកន្លែងកើតហេតុ ដោយម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ មិនចង់វែងឆ្ងាយ ក៏បានជួយសងថ្លៃការខូចខាតចំនួន១០០ដុល្លារ ទៅឲ្យភាគីខាងរថយន្តហាយឡេនឌ័រ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់