បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរបីជាន់ឃាត់ខ្លួន (ពីបទហិង្សាសហព័ន្ធ) ព្រោះតែខឹងនិងប្រពន្ធមិនដេកផ្ទះ ផឹកស្រាស្រវឹង បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះសន្ធោសន្ធៅ ផ្អើលអ្នកជិតខាង និងនគរបាលជួយអន្តរាគមន៍ពន្លត់ទាំងយប់ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៧និង១០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ហៀប ពៅ អាយុ៤១ឆ្នាំ មានកូនប្រុស០២នាក់ក្នុងបន្ទុក គ្រួសារនេះនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា មូលហេតុបុរសជាប្តី ឈ្មោះ សឿន វាសនា ផឹកស្រាស្រវឹង បានខឹងនិងប្រពន្ធឈ្មោះ ហៀប ពៅ មិនដេកនៅផ្ទះ ក៏យកដែកកេះដុតផ្ទះខ្លួនឯងចោលដែលមានទំហំ ៣,៥០ X ៥ម សង់អំពីឈើ ប្រក់ស័ង្កសី ក្រាលក្តារ បណ្តាលឲ្យឆេះស្ទើរទាំងស្រុង ហើយសម្ភារៈសម្លៀកបំពាក់ ចាន ឆ្នាំង នៅក្នុងផ្ទះឆេះអស់ទាំងស្រុង កម្លាំងនគរបាល និងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់មិនបង្ក ឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាង ។
លោកអធិការបានបញ្ជាក់ថា មូលហេតុប្តីស្រវឹងស្រា ឈានដល់ដុតផ្ទះចោលនេះ ដោយខឹងប្រពន្ធមិនដេកផ្ទះ ។ ចំណែកប្រពន្ធមិនបានដេកផ្ទះនោះ ដោយទៅដេកនៅផ្ទះឪពុកមើលឪពុកឈឺ ដែលផ្ទះនៅជិតគ្នា ។ ករណីនេះ ប្រពន្ធបានសំណូមពរដល់សមត្ថកិច្ចឃាត់ខ្លួនប្តីរូបនេះ ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់