ព័ត៌មានជាតិ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូដួលបាក់ជើងរងរបួសធ្ងន់ នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ: នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៦ និង៥៦នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូ១គ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលដោយខ្លួនឯង បណ្តាលឲ្យបាក់ជើងរងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ​ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1X-8179 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានរអិលដួលដោយខ្លួនឯង បណ្តាលឲ្យបាក់ជើងរងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យ ដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ។

មូលហេតុ៖ បណ្តាលឲ្យជនរងគ្រោះជិះម៉ូតូរអិលដួលនោះ គឺស្ថានភាពផ្លូវសើម ដោយសារមានភ្លៀងធ្លាក់ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក៏មានម៉ូតូជាច្រើនគ្រឿងទៀត ដែលបានរអិលដួលដូចជនរងគ្រោះ ប៉ុន្តែមិនគ្រោះថ្នាក់នោះទេ ។

ក្រោយពេលកើតហេតុ​ វត្តមានមន្រ្តីនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ និងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្វែងរកសាច់ញាតិរបស់ជនរងគ្រោះ ៕

មតិយោបល់