ភ្នំពេញៈ បម្រែបម្រួលអាកាសធាតុ និងកំណើនឡើងនៃកម្ដៅពិភពលោក បានធ្វើឲ្យប៉ះពាល់ដល់តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ដោយមើលឃើញបញ្ហាប្រឈមចំពោះមុខទាំងនេះ ក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ ខេមបួឌា លីមីតធីត (PCCL) បានផ្តល់អំណោយជាអណ្តូងទឹកចំនួន៨ ទៅដល់សហគមន៍ជនបទដាច់ស្រយាលនៅក្នុងខេត្តកំពង់ធំ ដែលជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើន ទទួលរងនូវការផលប៉ះពាល់ពីភាពរាំងស្ងួត។
ការផ្ដល់អណ្ដូងទឹកទាំង៨ ដល់សហគមន៍ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នៅពេលនេះ គឺអាចជួយកាត់បន្ថយភាពខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដោយម្ចាស់ជំនួយសង្ឃឹមថា អណ្ដូងទាំងនេះ នឹងផ្តល់នូវប្រភពទឹកដែលមាននិរន្តរភាពទៅអនាគត។ អណ្ដូងទឹកទាំង៨ ត្រូវបានធ្វើពិធីប្រគល់ និងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅខែសីហា ឆ្នាំ២០១៦ថ្មីៗនេះ ដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារក្រុមហ៊ុន ព្រីស៊ីហ្សិនខាស៍ ខេមបួឌា លីមីតធីត ដែលជាក្រុមហ៊ុនតែមួយគត់ នាំចូលផ្ដាច់មុខរថយន្តម៉ាក Porsche នៅកម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុន Porsche ប្រចាំកម្ពុជា លោក Michael Vetter ឲ្យដឹងថា នៅខណៈដែលធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមកម្មវិធីបេសសកម្មផ្សងព្រេងជាមួយរថយន្ត Porsche កាលពីខែឧសភាកន្លងទៅ ក្រុមការងាររបស់ Porsche បានជិះឆ្លងកាត់ និងសង្កេតឃើញថា នៅក្នុងសហគមន៍ជនបទដាច់ស្រយាលទាំងនេះ មានប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ដោយសារតែអណ្តូងទឹកមិនមានគ្រប់គ្រាន់។ លោកថា វាកាន់តែអាក្រក់ទៅទៀត ដោយសារប្រទេសកម្ពុជា ជួបគ្រោះរាំងស្ងួត។
“ដោយមើលឃើញពីកង្វះខាតអណ្តូងទឹករបស់ពួកគេ ក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍កម្ពុជា ក៏ដូចជាក្រុមការងារ Porsche ទាំងអស់ ក៏បានសម្រេចផ្តល់ជំនួយ។ ជាប្រភេទអណ្តូងស្នប់ដល់សហគមន៍ យើងចង់នាំយកមកនូវការផ្គត់ផ្គង់ទឹក ដែលមាននិរន្តរភាពដល់សហគមន៍ទាំងនេះ ដើម្បីកាត់បន្ថយការលំបាកនៅលើអ្វីមួយសាមញ្ញមួយ”។ លោក Michael Vetter បញ្ជាក់។
លោក ថោង ខុន បានសម្តែងក្ដីសាទរចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន ព្រីស៊ីហ្សិនខាស៍ ខេមបួឌា លីមីតធីត។ លោកបានលើកឡើងថា ទឹកដែលបានមកពីអណ្តូងទាំងនេះ ក្រៅពីការប្រើប្រាស់ប្រចាំថ្ងៃ ប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកអណ្តូងនេះ ដើម្បីស្រោចស្រពដំណាំនៅតាមផ្ទះ និងរបរកសិកម្មផ្សេងទៀត ដែលពួកគេអាចដាំដុះដើម្បីទទួលទានប្រចាំគ្រួសារ និងអាចលក់ទៅកាន់ទីផ្សារ ដើម្បីទទួលបានផលកម្រៃបន្ថែមពីមុខរបរធ្វើស្រែនៅក្នុងសហគមន៍ទាំងមូលរបស់ពួកគេ។
គួរជម្រាបថា ដើម្បីកាត់បន្ថយបញ្ហាខ្វះទឹកប្រើប្រាស់របស់ប្រជាសហគមន៍នៅតាមជនបទដាច់ស្រយ៉ាល ក្រុមហ៊ុន ព្រីស៊ីហ្សិនខាស៍ ខេមបួឌា លីមីតធីត រួមជាមួយក្រសួងទេសចរណ៍ បានឧបត្ថម្ភនូវអណ្តូងទឹកចំនួន៨ នៅសហគមន៍ដាច់ស្រយាលមួយចំនួននៅក្នុងខេត្តកំពង់ធំ។ គម្រោងដែលគាំទ្រដោយក្រសួងទេសចរណ៍ នឹងអាចជួយកាត់បន្ថយភាពខ្វះខាតទឹករបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ដោយសង្ឃឹមថា វានឹងផ្តល់នូវប្រភពទឹកដែលមាននិរន្តរភាពទៅអនាគត៕
មតិយោបល់