ព័ត៌មានជាតិ

គោយន្តដឹកស្រូវ ក្រឡាប់ធ្លាក់ចូលប្រឡាយ បណ្តាលឲ្យសង្កត់បុរសម្នាក់ស្លាប់ក្នុងទឹក

បន្ទាយមានជ័យ:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ខណ:ជនរងគ្រោះដឹកស្រូវពីស្រែទៅលក់ឲ្យឈ្មួញកណ្តាល ដែលរង់ចាំទិញនៅលើខ្នងទំនប់ប្រឡាយមេ ស្ថិតក្នុងភូមិសាស្ត្រ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃូ ចាន់គ្រប់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមទាំងប្អូនថ្លៃម្នាក់ និងអ្នកភូមិ ជាមួយម្នាក់ទៀត ក្រោយពីច្រូតកាត់ហើយ បានបើកគោយន្តកន្ត្រៃម្នាក់០១គ្រឿង ដឹកស្រូវទៅលក់ឲ្យឈ្មួញកណ្តាល ដែលរង់ចាំទិញនៅលើខ្នងទំនប់ប្រឡាយ ។​ នៅពេលដែលបើកនោះ ជនរងគ្រោះបើកនៅក្រោយគេ ផ្ទុកស្រូវចំនួន១៣ការុង ចំណែគោយន្តកន្ត្រៃប្អូនថ្លៃ និងអ្នកភូមិជាមួយនោះ បានបើកមុនគេ ដោយគម្លាតឆ្ងាយពីគ្នាជាច្រើនរយម៉ែត ពេលដែលប្អូនថ្លៃឈ្មោះ រ័ត្ន រ៉ម ភេទប្រុស អាយុ២៨ឆ្នាំ បានដឹកស្រូវទៅដល់កន្លែងលក់ ស្រាប់តែមិនឃើញគោយន្តកន្ត្រៃបងថ្លៃមកដល់ ក៏ទៅតាមរកមើល ស្រាប់តែឃើញគោយន្តនោះ បានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកជើងក្អែក ចម្ងាយ៣០០ម៉ែតពីភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ហើយជនរងគ្រោះ ត្រូវគោយន្តកន្ត្រៃសង្កត់ស្លាប់ក្នុងទឹកប្រឡាយ បង្កឲ្យមានការភ្ញាក់ផ្អើល ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់