យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្លាយទៅជាកាតព្វកិច្ចសម្រាប់មន្រ្តីរាជការនិងបុគ្គលមួយចំនួនទៀត ដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមការឆ្លងជំងឺកូវីដ-១៩។ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនៅកម្ពុជានេះ បានក្លាយជាកាតព្វកិច្ច ក្រោយពីប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតមួយស្តីពីកាតព្វកិច្ចនៃការទទួលវ៉ាក់សាំង នៅថ្ងៃអាទិត្យទី១១នេះ។
គឺនៅក្នុងអនុក្រឹតចំនួន៨មាត្រា ប្រមុខរដ្ឋភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ទៅជាកាតព្វកិច្ចសម្រាប់មន្រ្តីរាជការសាធារណៈទាំងក្នុងស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ ព្រមទាំងពលរដ្ឋដែលទទួលអណត្តិពីការបោះឆ្នោតរបស់ពលរដ្ឋ ដូចជាក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្រៅពីនេះបុគ្គលមួយចំនួនផ្សេងទៀត ក៏ត្រូវកំណត់ចូលទៅក្នុងកាតព្វកិច្ចដោយស្របទៅតាមស្ថានភាពការងាររបស់ពួកគេ។ នាពេលកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ ក្រុមអ្នកសារព័ត៌មាន គ្រូបង្រៀន មន្រ្តីកងកម្លាំង កម្មករ កម្មការិនីតាមរោងចក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកប្រមូលសំរាម ដោយលោកចាត់ទុកថា ក្រុមមនុស្សទាំងនោះ ជាក្រុមប្រឈមនឹងហានិភ័យខ្ពស់នឹងការឆ្លងជំងឺកូវីដ-១៩។ ក៏ប៉ុន្តែកាតព្វកិច្ចនេះក៏នឹងលើកលែងចំពោះបុគ្គលណាដែលត្រូវបានវាយតម្លៃពីបញ្ហាសុខភាពខ្លួន ថាមិនអាចទទួលយកការចាក់វ៉ាក់សាំងបាន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ឲ្យដឹងថា អនុក្រឹតនេះធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា។ ដោយឡែកក្រៅពីក្រុមមនុស្សដែលស្ថិតក្នុងដែនកាតព្វកិច្ចទទួលវ៉ាក់សាំង លោកបានបញ្ជាក់ថា សម្រាប់ពលរដ្ឋធម្មតា គឺនៅតែបន្តគោលការណ៍ស័្មគ្រចិត្តក្នុងការចាក់វ៉ាក់សាំង។ ក៏ប៉ុន្តែប្រសិនពលរដ្ឋនោះ ត្រូវបានវាយតម្លៃពីអាជ្ញាធរមូលដ្ឋានថា មានហានិភ័យខ្ពស់ក្នុងការឆ្លងដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងសហគមន៍ នោះគេក៏នឹងត្រូវកំណត់ឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូចគ្នា។
នៅក្នុងអនុក្រឹតដដែរនោះ ក៏បានព្រមានដែលចំពោះបុគ្គលដែលស្ថិតក្នុងកាតព្វកិច្ច ហើយគេចវេះមិនព្រមទទួលយកការចាក់វ៉ាក់សាំង ហើយបើនៅតែបន្តនោះពួកគេនឹងប្រឈមការដាក់ទោសទៅតាមច្បាប់ដែលធ្លាប់មាន៕
មតិយោបល់