ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! កម្មករធ្វើសំណង់ម្នាក់ ត្រូវរថយន្តយីឌុបបើកបុកម៉ូតូនិងកិន បណ្តាលឲ្យ បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសជាងសំណង់ម្នាក់ បែកក្បាលស្លាប់គួរឲ្យអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការ ត្រលប់ទៅផ្ទះ ត្រូវរថយន្តយីឌុបមកបុក រួចកិនចំក្បាល ហើយព្យាយាមបើករត់រហូតដល់សាលាកូរ៉េ ត្រូវសមត្ថកិច្ចឃាត់បានរថយន្តនិងព្រូម្នាក់ ចំណែកតៃកុងរត់បាត់ស្រមោល ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយមហាវិថី វិមាន ឈ្នះ ឈ្នះ ក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះឈ្មោះ ហេង ត្រេន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករធ្វើសំណង់ ស្នាក់នៅឈូកវ៉ា១ ខណ្ឌសែនសុខ ។ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យអ្នកសារព័ត៌មាន Post News TV យើងខ្ញុំដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត យីឌុបក្បាលពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3A 8036 បើកបរដោយបុរសម្នាក់ រួមដំណើរនិងព្រូឡានម្នាក់ ទិសដៅពីត្បូងទៅជើង ខណៈបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1IE 5772 ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យម៉ូតូខ្ទាតទៅម្ខាងផ្លូវ ហើយកិនចំក្បាលបុរសម្នាក់ សំប៉ែតដូចចេកចៀនស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបានព្យាយាមបើករត់គេច រហូតទៅដល់សាលាកូរ៉េ ត្រូវសមត្ថកិច្ចធ្វើការឃាត់បានរថយន្តនិងព្រូ រីឯតៃកុងចុះរត់បាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការគ្នាជាមួយជំនាញវាស់វែង យករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចំាដោះស្រាយគ្នា នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់