ភ្នំពេញៈ សម្ព័ន្ធសហគ្រាសអចលនទ្រព្យហ្វូលិចិនមានបំណងវិនិយោគបង្កើតរោងចក្រផលិតបារីស៊ីហ្គាដ៏ធំមួយនៅខេត្តព្រះសីហនុ ហើយក្រៅពីនេះសហគ្រាសក៏នឹងវិនិយោគទៅលើវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ សណ្ឋាគារ និងវិស័យអចលនទ្រព្យផងដែរ។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី១៦ឧសភានេះ នៅភូមិគ្រឹះសម្តេចចំការមនលោក ចាងលិ អគ្គនាយកនិងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសអចលនទ្រព្យហ្វូលិបានជំរាបជូនសម្តេចប្រធានរដ្ឋសភាថា “សហគ្រាសរបស់លោកមានមូលដ្ឋាននៅទីក្រុងក្វាងចូវប្រទេសចិន ចាត់ទុកជាសហគ្រាសធំមួយនៅប្រទេសចិន ដែលមានដើមទុនវិនិយោគឆ្នាំមុនកើនដល់ប្រមាណជាង១០ពាន់លានដុល្លារ និងមានប្រាក់ចំណេញចំនួន២ពាន់លានដុល្លារអាមេរិក”។
លោកបានបន្តថា សហគ្រាសរបស់លោកមានការចាប់អារម្មណ៍ ចំពោះការវិនិយោគនៅកម្ពុជា ហើយរដ្ឋាភិបាលចិនក៏បានជំរុញឱ្យសហគ្រាសលោកមកដាក់ទុនវិនិយោគនៅកម្ពុជា។ សហគ្រាសរបស់លោក បានចាប់អារម្មណ៍ជាងគេចំពោះការធ្វើវិនិយោគនៅកម្ពុជា តាមនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន។
លោកបានលើកឡើងថា កាលពីឆ្នាំមុនលោកបានចាប់អារម្មណ៍លើការវិនិយោគថ្មីមួយ លើការផលិតបារីស៊ីហ្គា នៅពេលនោះលោកក៏បានទៅរកពូជថ្នាំជក់ស៊ីហ្គាពីប្រទេសគុយបា ដើម្បីមកធ្វើការដាំដុះនៅប្រទេសចិន ហើយក្រោយពីការដាំដុះឃើញថា គុណភាពវាល្អដូចថ្នាំជក់របស់គូបាដែរ។ អញ្ចឹងហើយបានជាលោកគិតថា អនាគតឆាប់ៗនេះ លោកនឹងមកសាងសង់រោងចក្រផលិតបារីស៊ីហ្គា នៅក្រុងព្រះសីហនុ ដែលជារោងចក្រដ៏ធំមួយ។ ក្រៅពីនេះសហគ្រាសរបស់លោក ក៏សំឡឹងឃើញលើការវិនិយោគលើវិស័យផ្សេងទៀត ដូចជាវិស័យទេសចរណ៍ សណ្ឋាគារ និងវិស័យអចលនទ្រព្យ។ លោកក៏បានស្នើសុំឱ្យសម្តេចប្រធានរដ្ឋសភាជួយគាំទ្រនូវគម្រោងវិនិយោគនេះផងដែរ។
សម្តេចប្រធានបានស្វាគមន៍ ចំពោះសម្ព័ន្ធសហគ្រាសអចលនទ្រព្យហ្វូលិ ប្រទេសចិន ដែលបានចាប់អារម្មណ៍វិនិយោគនៅកម្ពុជា និងក្រុមហ៊ុនវិនិយោគដទៃទៀតរបស់ប្រទេសចិនដែលមានបំណងមកវិនិយោគនៅកម្ពុជា។ សម្តេចបានជំរាបជូនពីស្ថានភាពនយោបាយនៅប្រទេសកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយលើគ្រប់វិស័យ ហើយទិសដៅតែមួយគត់របស់កម្ពុជា គឺជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យបានខ្លាំងក្លា។
សម្តេចបន្ថែមថា ទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាឱយបានយ៉ាច្រើន ដែលអាចធ្វើទៅបាន ហើយដោយមានការគាំទ្រពីក្រុមហ៊ុន សហគ្រាសធំៗពីបរទេសកំពុងតែអនុវត្តនូវផែនការវិនិយោគនេះនៅកម្ពុជា។
ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា វិស័យឯកជន គឺជាកំលាំងចលករមួយ ដែលមិនអាចខ្វះបាន ដែលសព្វកំពុងជំរុញវិស័យឯកជនសម្រាប់ការវិនិយោគនៅកម្ពុជា។
សម្តចបានចាត់ទុកប្រទេសចិនតែមួយគត់ជាដៃគូវិនិយោគដ៏ធំនៅកម្ពុជា ហើយសម្ព័ន្ធសហគ្រាសអចលនទ្រព្យហ្វូលិ ជាក្រុមហ៊ុនដ៏ធំមួយ ដែលមានទំហំទុនវិនិយោគជាង ១០ពាន់លានដុល្លារអាមេរិករហូតដល់ឆ្នាំនេះ។ សម្តេចក៏បានជំរាបជូនដែរថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងមានការរីកចម្រើន ដែលនេះជាឱកាសមួយដ៏ល្អសម្រាប់ក្រុមហ៊ុនហ្វូលិ ដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យនេះ។
សម្តេចប្រធានរដ្ឋសភាក៏បានសម្តែងនូវការលើកទឹកចិត្ត និងគាំទ្រចំពោះសម្ព័ន្ធក្រុមហ៊ុនអចលនទ្រព្យហ្វូលិ ដែលសម្រេចចិត្តមកវិនិយោគនៅកម្ពុជា រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាល និងជួយសម្របសម្រួលជានិច្ចដល់ដំណើរការវិនិយោគនេះ៕
មតិយោបល់