រំឮករបាយការណ៍របស់វិទ្យាស្ថាន SIPRI នៅឆ្នាំ២០១១ ក្នុងរយៈពេល ៥ឆ្នាំនេះ ទីផ្សារសព្វាវុធពិភពលោក កើនឡើង ២៤% ធៀបនឹង ៥ឆ្នាំមុន គឺពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦។
ប្រទេសនៅក្នុងតំបន់អាស៊ី និងអូសេអានី គឺជាអ្នកនាំអាវុធច្រើនជាងគេបំផុត ពោលគឺ ៤៤% នៃទីផ្សារពិភពលោក ធៀបនឹងអឺរ៉ុប (១៩%) មជ្ឈិមបូព៌ា (១៧%) អាមេរិកខាងជើង និងខាងត្បូង (១១%) និងអាហ្វ្រិក (៩%)។
ឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ១ (១០% នៃទីផ្សារពិភពលោក) បន្ទាប់មកមានកូរ៉េខាងត្បូង (៦%) ប៉ាគីស្ថាន (៥%) ចិន (៥%) និងសិង្ហបុរី (៤%)។ ចិនបានក្លាយជាប្រទេសនាំចេញអាវុធ លំដាប់លេខ ៦ នៅលើពិភពលោក បន្ទាប់ពីអាមេរិក រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេស។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការនាំចូលគ្រឿងសព្វាវុធ បានកើនឡើងរហូតដល់ ១៨៥% គឺដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីក្រោយការបញ្ចប់សង្រ្គាមវៀតណាម ឆ្នាំ១៩៧៥។ គេសង្កេតឃើញថា គ្រឿងសព្វាវុធដែលនាំចូលទៅអាស៊ីអាគ្នេយ៍ ភាគច្រើនជានាវាចម្បាំង យន្តហោះចម្បាំង និងគ្រឿងសព្វាវុធផ្សេងទៀត ដែលអាចប្រើសម្រាប់ទ័ពជើងទឹក។ នេះទំនងជាដោយសារតែបញ្ហាតានតឹងជុំវិញជម្លោះព្រំដែនសមុទ្រ នៅក្នុងតំបន់ ជាពិសេស នៅសមុទ្រចិនខាងត្បូង។
ប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលជាប់ពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូង សុទ្ធតែបាននាំគ្នាបង្កើនការទិញគ្រឿងសព្វាវុធ នៅក្នុងចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១១នេះ។ ការនាំចូលគ្រឿងសព្វាវុធទៅម៉ាឡេស៊ី និងសិង្ហបុរី បានកើនឡើង ៣០០% ឥណ្ឌូណេស៊ីកើន ១៤៤% និងវៀតណាមកើន ៨០%៕
មតិយោបល់