ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យម្នាក់រួមនិងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពរត់ទៅឆក់ទូរស័ព្ទពីបុរសជាអ្នករត់កង់បីបានសម្រេច តែរត់មិនរួចត្រូវម្ចាស់ដេញតាមពីក្រោយទាន់ឃាត់បានម្នាក់ ប្រគល់ទៅឲ្យសមត្ថកិច្ច ចំណែកឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ស្ថិតតាមបណ្តោយផ្លូវ ម៉ៅសេទុងក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មុនដំបូងជនរងគ្រោះបានបើកម៉ូតូកង់បី មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ មកបន្លំធ្វើជាហៅកង់បីរបស់គាត់ដឹកបន្លែ ។ បន្ទាប់មកជនរងគ្រោះក៏បានឈប់កង់បី ពេលនោះជនសង្ស័យឃើញឱកាសស្ងាត់ល្អបានឆក់យកទូរស័ព្ទម៉ាកសាមសុង មួយគ្រឿង ពីជនរងគ្រោះបានសម្រេច រួចព្យាយាមរត់គេចខ្លួន ភ្លាមៗនោះជនរងគ្រោះបានជិះកង់បីដេញតាមពីក្រោយ រួចស្រែកហៅអ្នកជិតខាងអោយជួយ ។ លុះដេញមកដល់ផ្លូវម៉ៅសេទុងចំណុចក្រុមហ៊ុន metfone ត្រូវបានប្រជាពលរដ្ឋឃាត់បានម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ។
បន្ទាប់មកសមត្ថបានចុះមកដល់ នាំយកជនសង្ស័យម្នាក់ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលស្វាយព្រៃទី ២ ដើម្បីសួរនាំនិងចាត់ការបន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕






មតិយោបល់