ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៩១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៧,៤៤២គ្រឿង ម៉ូតូ ៥,៣៧១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៤៦គ្រឿង មានម៉ូតូចំនួន ៣៩៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៧ថ្ងៃ (ថ្ងៃទី០១-២៧ ខែមីនា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ១៩៤,១៥៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៤,៥៧៤គ្រឿង មានម៉ូតូចំនួន ១០,៥៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៧ថ្ងៃ នៃខែមីនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
មតិយោបល់