ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ បើករថយន្តបុកម៉ូតូកំពុងឈប់ស្ដុប ស្ថិតម្ដុំមុខដេប៉ូលក់សាំងតេលាចំការដូងកែង ស្តុបចំការដូង លើផ្លូវ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក HIGHLANDER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-1871 បើកបរដោយឈ្មោះ ភ ពិសិដ្ឋ ភេទប្រុស អាយុ ៣៩ឆ្នាំ (ស្រវឹងស្រាឃាត់ខ្លួន) មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1U-8711 បើកបរដោយឈ្មោះ ស៊ឹម វ៉ុល ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិតាមុំ ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ និងអ្នកជិះពីក្រោយមានឈ្មោះ យ៉ន ខី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិសុជុស ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ទាំង ២នាក់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យម្លិះស)។
ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ1J-6737 បើកបរដោយឈ្មោះ ថៃ ស៊ន ភេទប្រុស អាយុ ២៨ឆ្នាំ (រងរបួសធ្ងន់) មុខរបរជាងសំណង់ មានទីលំនៅភូមិចុងដាល ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បើកបរដោយឈ្មោះ ឡុច ឡោះ ភេទប្រុស អាយុ ៣៦ឆ្នាំ (រងរបួសស្រាល) មុខរបរជាងសំណង់ មានទីលំនៅភូមិចុងដាល ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ បើកបរពីត្បូងទៅជើងស្របទិសគ្នាជាមួយម៉ូតូ ហើយក៏បានបុកម៉ូតូ ខណៈកំពុងឈប់ស្ដុប បណ្ដាលឲ្យមានមនុស្សស្លាប់ ២នាក់ រងរបួសធ្ងន់ស្រាល ២នាក់ តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕
មតិយោបល់