ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូគេចកង់បីឥណ្ឌា ដួលមុខរថយន្តកុងតឺន័រ បុកអូស១០០ម៉ែត្រ បណ្តាលឲ្យរងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកគេចកង់បីឥណ្ឌាដួលមុខរថយន្តកុងតឺន័រ បុកអូស១០០ម៉ែត្រ សំណាងល្អមនុស្សខ្ទាត ចេញរងរបួសស្រាល ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លួវជាតិលេខ៥ ត្រង់ចំណុចមុខប៉ុស្តិ៍ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ម៉ូតូរងគ្រោះឈ្មោះ សុខ គា អាយុ២៨ឆ្នាំ មុខរបរជាអ្នកដាក់ត្រី រស់នៅម្តុំកប់ស្រូវ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកតៃកុង រថយន្តកុងតឺន័រមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាក Honda wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1F-1606 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពី ជើងទៅត្បូង ស្របទិសគ្នាជាមួយរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-9950 បើកដោយបុរសម្នាក់ ខណ:ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបើកកាច់ចង្កូត គេចចេញពីម៉ូតូកង់បីឥណ្ឌា មិនចាំផ្លាកលេខ ដែលកំពុងឆ្លងផ្លូវនៅខាងមុខ បណ្តាលឲ្យម៉ូតូដួលនៅខាងមុខរថយន្តកុងតឺន័រ ដោយរថយន្តចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលល្បឿនបុកអូសម៉ូតូប្រហែល១០០ម៉ែត្រទើបឈប់ បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខ រីឯតៃកុងរថយន្តកុងតឺន័រ ស្មានតែម្ចាស់ម៉ូតូរងរបួសធ្ងន់ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួមទាំងតំណាងរបស់តៃកុងរថយន្តកុងតឺន័រ មកធ្វើការដោះស្រាយ ដោយសងសំណងទឹកប្រាក់ចំនួន១០០ដុល្លារ ទៅម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងតែម្តង ៕

មតិយោបល់