ព័ត៌មានជាតិ

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ករណីម៉ូតូ ២គ្រឿង បុកគ្នារួចខ្ទាតមនុស្សចូលក្រោមរថយន្ត នៅស្រុកព្រៃកប្បាស

តាកែវៈ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ១TK១ ចំណុចភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5959 (រថយន្តបាញ់ជ័រកៅស៊ូធ្វើផ្លូវថ្នល់) អ្នកបើកបររត់គេច។

ម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AY-0230 អ្នកបើកបរឈ្មោះ​ ហុក គីមលាង ភេទប្រុស អាយុ ៥៣ឆ្នាំ (ស្លាប់) មុខរបរ កសិករ រស់នៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ធ្វើដំណើរពីជើងទៅត្បូង រួចបានបើកជែងរថយន្ត ក៏ជ្រុលទៅប៉ះជាមួយ ម៉ូតូមួយគ្រឿង ដែលបើកពីត្បូងទៅជើង បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់។

ម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខតាកែវ 1N-0175 អ្នកបើកបរឈ្មោះ កែវ ឡុង ភេទប្រុស អាយុ ២០ឆ្នាំ (រងរបួសធ្ងន់) មុខរបរកសិករ រស់នៅភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។

មូលហេតុ៖ អ្នកបើកបរម៉ូតូ សង់ ២០១១ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សា នៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់