ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង ត្រូវបាតុភូតខ្យល់កួចរមូរចូលគ្នា បណ្តាលឲ្យស្រ្តីម្ចាស់ផ្ទះរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានបាតុភូតខ្យល់កួចយ៉ាងខ្លាំងបានកើតឡើង បណ្តាលឲ្យផ្ទះ០១ខ្នង សង់នៅជាប់នឹងដីរលំរមូរចូលគ្នា បង្កឲ្យម្ចាស់ផ្ទះម្នាក់បានរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៅទីនោះ ជួយដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា កណ្តាលថ្ងៃត្រង់ ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១ ម្សិលមិញ មានបាតុភូតខ្យល់កួចយ៉ាងខ្លាំង (ចំណុចបឹងជង្រុក) ស្ថិតនៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខ្យល់កួចនោះបានវិលកួចចំផ្ទះស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ រី អាយុប្រហែល៥៣ ឆ្នាំ ខណ:ពេលជនរងគ្រោះកំពុងនៅក្នុងផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដែលនៅប្រចាំការទីនោះ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបានទាន់ពេល ។

លោកអធិការបានបញ្ជាក់ថា ផ្ទះដែលរងនូវការខូចខាត ដោយខ្សល់កួចនោះ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សង់ជាប់នឹងដី មានទំហំ ៤ម X៥ម ត្រូវបានដួលរលំរមូរចូលគ្នាខូចខ្ទេចខ្ទីអស់ រួមទាំង សម្ភារ:នៅក្នុងផ្ទះផងដែរ ៕

មតិយោបល់